ភ្នំពេញ៖ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងប្រាប់សារព័ត៌មានថា គិតត្រឹមល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ ថា ជនសង្ស័យដែលចងស្ត្រីមានផ្ទៃពោះ៤ខែជាប់នឹងទ្វារ កំពុងស្ថិតក្រោមការសាកសួរនៅឡើយ ។
លោកអធិការ បញ្ជាក់ថា ការសម្រេចដោះលែង ឬ ឃាត់ខ្លួនបញ្ជូនទៅតុលាការ យ៉ាងណានោះ គឺ ជាសិទ្ធិរបស់ព្រះរាជអាជ្ញា ដោយលោកគ្មានសិទ្ធិសម្រេចនោះទេ ។
ទោះបីយ៉ាងណា តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់ អង្គភាព «នគរដ្រេហ្គន»ថា ៖ ពេលនេះខាងជនរងគ្រោះព្រមទទួលសំណងពីជនដៃដល់ហើយ ជាថ្នូរនឹងការដកពាក្យបណ្តឹង ។ ដោយឡែក ខាងសមត្ថកិច្ចនឹងស្នើសុំគោលការណ៍ទៅព្រះរាជអាជ្ញា ដើម្បីធ្វើត្រឹមកិច្ចសន្យាអប់រំ រួចនឹងដោះលែងអោយមានសេរីភាព ឡើងវិញ ជារឿងរំលត់បណ្តឹងអាជ្ញា។
សូមបញ្ជាក់ថា ជនដៃដល់មានឈ្មោះ អ៊ូ ប៊ុនធី អាយុ៤១ឆ្នាំ ដែលអះអាងថាធ្វើការជាមន្ត្រីសាធារណការ បានធ្វើសកម្មភាពចងស្ត្រីមានផ្ទៃពោះ៤ខែជាប់នឹងទ្វារ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយវីដេអូមួយនេះ ត្រូវបានបង្ហោះជាសាធារណៈ ពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយមានរិះគន់យ៉ាងខ្លាំងក្លា ។
ក្រឡេកមើលចំណាត់ការរបស់អាជ្ញាធរ វិញ គឺ គេឃើញលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហោះសារភ្លាមៗក្រោយបែកធ្លាយវីដេអូ នេះ ថា “ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជំរុញអោយសមត្ថកិច្ចទាំងអស់តាមចាប់ជនបង្កហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់”។
ក្រោយមក នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ គេឃើញជនដៃដល់ឈ្មោះ អ៊ូ ប៊ុនធី ចូលខ្លួនសារភាពនៅប៉ុស្តិ៍ចោមចៅ៣ ។ ខណៈដឹងខ្លួនថា បើគេចខ្លួនកាន់តែយូរ រឿងនេះកាន់សាយភាយនូវចរន្តរិៈគន់គ្រប់មជ្ឈដ្ឋានមហាជនប្រជាពលរដ្ឋ ស្រឡាញ់យុត្តិធម៍សង្គម មិនគាំទ្រជនទំនើង ហើយជាមន្ត្រីរាជការបែបនេះទេ ។
ជាមួយគ្នានេះ គេឃើញលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បង្ហោះសារមួយទៀត ដែលអាចសន្មត់បានថា ចង់សំដៅករណីមួយនេះទៀតថា “សិល្បៈនៃការដោះស្រាយគ្រប់រឿង រឿងធំទៅជារឿងតូច រឿងតូចទៅជាអត់រឿង សំខាន់ឈ្នះទាំងសងខាង គឺ ខ្ញុំមានមោទនភាពខ្ពស់”។
សូមបញ្ជាក់ថា៖ សូម្បីតែសម្តេចតេជោ ហ៊ុន សែន ក៏ស្នើសុំអោយម្ចាស់ផ្ទៈជួលមេត្តាយោគយល់ដល់កម្មកររោងចក្រ ខណៈរោងចក្រខ្លះត្រូវបានបិទដោយសារខ្វៈវត្ថុធាតុដើមនៃសង្វាក់ផលិតកម្ម៕
ដោយ៖ សិលា