នាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានចេញសេចក្តីប្រកកាសព័ត៌មានការពន្យារកម្មវិធីប្រកួតចំនួនពីរក្នុងខែមេសានេះ ដោយគ្រោងប្រកួតបិទទ្វារ ។ ប៉ុន្តែការរំពឹងទុកនេះត្រូវបានផ្អាកដោយសារការរីករាលដាលនៃ មេរោគកូរ៉ូណា (កូវីដ-១៩) ហើយសេចក្តីប្រកាសនេះក៏បានផ្សព្វផ្សាយលើទំព័រ Facebook ផ្លូវការរបស់លោក Chatri Sityodtong ផងដែរ ។
នាយកប្រតិបត្តិរូបនេះបានរៀបរាប់នៅលើបណ្ដាញសង្គមថា «យើងកំពុងរស់នៅក្នុងស្ថានភាពមិនអំណោយផលមួយ។ ប៉ុន្តែដំណឹងនេះនឹងត្រលប់មកវិញបន្ទាប់ពីមេរោគកូរ៉ូណាត្រូវថមថយ។ ហើយត្រូវតែច្បាស់ក្នុងចិត្តថា វាត្រូវមានភាពចំបាច់ដើម្បីធ្វើការជាមួយគ្នាឲ្យស្អិតល្មួត។ ហើយយើងម្នាក់ៗត្រូវតែគោរពដល់ការសម្រេចចិត្រពីរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ត្រូវស្នាក់នៅដាច់ដោយឡែក និង ថែរក្សាអនាម័យឲ្យបានល្អជាប្រចាំ។ មេរោគមិនអាចបន្តរាលដាលតទៅទៀតបានទេបើសិនជាយើងស្នាក់នៅផ្ទះ។ វាជារឿងដ៏សាមញ្ញមួយ។ សូមចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងមេរោគ Covid-19 ក្នុងនាមយើងជាគ្រួសាររបស់ ONE ទាំងអស់គ្នា»។
កម្មវិធីប្រកួត ONE Championship ត្រូវពន្យារពេលការប្រកួតដោយមិនមានទស្សនិកជននាខែមេសានេះដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19។ ក្នុងគោលដៅរឹតបន្តឹងកុំឲ្យរាលដាលមេរោគឆ្លង Covid-19 រដ្ឋាភិបាលសិង្ហបុរី បានប្រកាសនិងបញ្ជាបិទប្រទេសដែលចូលជាធរមានចាប់ថ្ងៃទី៧ ខែ មេសា តទៅ។ បច្ចុប្បន្នមានតែផ្នែកបម្រើសេវាកម្មមួយចំនួននៅដំណើរការធម្មតាដូចជា ចំណីអាហារ ការថែទាំងសុខភាព និង ការធ្វើដំណើរ។ លើសពីនេះទៅទៀត ប្រទេសធំៗជាច្រើនដូចជា ចិន ថៃ សិង្ហបុរី អូស្ត្រាលី រុស្សុី ឥណ្ឌា វៀតណាម និងជប៉ុនជាដើមនោះសុទ្ធតែបិទព្រំដែនរបស់ខ្លួនជាបណ្ដោះអាសន្នដើម្បីឲ្យស្ថានការណ៍ធូរស្រាល។
ការឆ្លងមេរោគឆ្លង COVID-19 នៅសិង្ហបុរីតម្រូវឲ្យកម្មវិធី ONE Championship ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍ធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី ពន្យារពេលកម្មវិធីចំនួនពីររួមមាន ONE: HOPE និង ONE: STRENGTH។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតទាំងពីរខាងលើគ្រោងរៀបចំការប្រកួតនៅថ្ងៃទី១៧ មេសា និងថ្ងៃទី២៤ មេសា នៅប្រទេសសិង្ហបុរី។ ប៉ុន្តែការផ្លាស់ប្ដូរពេលនៃព្រឹត្តិការណ៍ទាំងពីរត្រូវបានប្រកាសផ្អាកជាបន្ទាប់ ៕
ដោយ៖ ភិរក្ស