ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ និងនារីម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែរថយន្តឡិចស៊ីស RX300 បើកក្នុងល្បឿនលឿនបញ្ច្រាស់ ទិសដៅចរាចរណ៍បានបុករះម៉ូតូ២គ្រឿងពេញទំហឹង ។
កាលពីវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងការពារជាតិ តាមបណ្តោយផ្លូវសហព័ន្ឋរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូវីវ៉ា ពណ៍ខ្មៅ គ្មានស្លាកលេខ និងនារីម្នាក់ទៀតជិះម៉ូតូម៉ាក ស៊ូស៊ូគី ឡេត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CI-5017 ជិះតាមបណ្តោយផ្លូវសហព័ន្ឋរុស្សី ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ មានរថយន្តឡិចស៊ីស RX300 ពណ៍ខ្មៅ មិនចាំស្លាកលេខ បើកបរក្នុងល្បឿនយ៉ាងលឿនបញ្ច្រាស់ទិសគ្នា និងបញ្ច្រាស់ទិសដៅចរាចរណ៍ បុករះម៉ូតូទាំង២គ្រឿងពេញទំហឹង ប៉ើងប្រមាណ៣០ម៉ែត្រ បណ្តាលឱ្យយុវជនជិះម៉ូតូវីវ៉ាស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកនារីជិះម៉ូតូម៉ាកស៊ូស៊ូគីឡែតរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់តែម្តងដោយមិនព្រមទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានបំពានទៅលើអ្នកដ៏ទៃយ៉ាងដូច្នេះទៅវិញ ។
ក្រោយមក សមត្ថកិច្ចជំនាញបានមកវាស់វែងយកម៉ូតូដែលរងការខូចខាតទាំង២គ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រីឯសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ព្រែកជ័យ