ភ្នំពេញ៖ បុរសម្នាក់បន្លំស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថស័ក្តិ២ ត្រូវនគរបាលប៉ុស្លិ៍សផ្សារដើមគរបានឃាត់ខ្លួនភ្លាមៗ ប្រគល់អោយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកចាត់ការ កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួននេះឈ្មោះ ហ៊ុន រិទ្ធ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេញឃាត់ខ្លួនបុរសខាងលើ គឺសមត្ថកិច្ចកំពុងតែជិះម៉ូតូល្បាតតាមមូលដ្ថាន របស់គាត់ ខណៈនោះក៏មានមនុស្សមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿងបានស្រែកនិងដេញវាយគ្នាពេញផ្លូវ ហើយភ្លាមៗក៏បុរសម្នាក់ដែលស្លៀកពាក់ ឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថ ក៏ជិះម៉ូតូជ្រុលទៅប៉ះជាមួយរថយន្តឡិចស៊ីស៥៧០មួយគ្រឿង ពណ៌ស គ្មានស្លាកលេខដែលកំពុងបើកស្របគ្នានោះ បណ្តាលអោយគេដួលម៉ូតូ បា្រវនៅថ្នល់ ដោយឃើញបែបនេះកម្លាំងសមត្ថកិច្ចល្បាត ក៏ចុះសួរនាំទៅលើបុរសដែលស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថនោះភ្លាម ថាមានរឿងអ្វីកើតឡើង ហើយបុរសដែលពាក់ឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថនោះបានឆ្លើយប្រាប់សមត្ថកិច្ច ថាគេជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោក ចឹងសូមអោយសមត្ថកិច្ចជួយគេផងព្រោះគេត្រូវក្មេងមួយក្រុមដេញវាយគេ ។ តែសមត្ថកិច្ចមានការសង្ស័យ ព្រោះថាសមត្ថកិច្ចដូចមិនធ្លាប់ឃើញនិងស្គាល់បុរសនេះទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនគេតែម្តង ។ បន្ទាប់ពីឃាត់បុរសលើនេះយកមកសួរនាំនៅនគរបាលប៉ុស្លិ៍ផ្សារដើមគរហើយ សមត្ថកិច្ចបានទំនាក់ទំនងទៅខាង មន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោក ពិតប្រាកដ ដើម្បីចុះមកមើលថាគេជាមន្ត្រីកងរាជអាវុធហត្ថមែនឬក៏ក្លែងបន្លំ ។
ក្រោយកម្លាំងរាជអាវុធហត្ថខណ្ឌទួលគោក ចុះមកត្រួតពិនិត្យមើលបុរសដែលត្រូវឃាត់ខ្លួននេះមិនមែនជាមន្រ្តីរាជអាវុធហត្ថរបស់គាត់ឡើយ ។ ជាក់ស្ដែងជនសង្ស័យដែលត្រូវឃាត់បានឆ្លើយមុខសមត្ថកិច្ចថា គេមិនមែនជាមន្ត្រីកងរាជអាវុធហត្ថទេ គឺគ្រាន់តែក្លែងបន្លំឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថដើរគំរាមគេឯងយកលុយប៉ុណ្ណោះ ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនរួមទាំងម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង យកទៅមូលដ្ថានកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
...
ដោយ៖ ព្រែកជ័យ