ភ្នំពេញ៖ ការប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ ៨មេសានេះ គឺរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តមថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានបំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា «ព្រះស្រីលោកធម្មិករាជ»។
មួយវិញទៀត ការប្រារព្ធទិវានេះ គឺជាការរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរ ចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ គុណធម៌ ចរិយាធម៌ ព្រះពុទ្ធសាសនា ក៏ដូចជាការក្រើនរំលឹកបំផុសស្មារតី និងមនសិកាដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធ សាសនិក ដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ច ថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យបានគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិទាំងមូល៕
ព្រះគោរមងារ «ព្រះស្រីលោកធម្មិករាជ» ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១៤ ក្នុងពិធីប្រជុំព្រះពុទ្ធសាសនាលើពិភពលោកនៅប្រទេសជប៉ុន។
ព្រះបរមងារនេះ មានន័យថា «ព្រះរាជាមានគុណធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ជាគំរូក្នុងការប្រតិបត្តិ និង ផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក»៕
សហការី