លោកLuis Enrique គ្រូបង្វឹករបស់ក្រុម Barcelona បានទទួលពានរង្វាន់ជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ២០១៥ ដោយឈ្នះគ្រូបង្វឹក Josep Guardiola និង Jorge Sampaoli។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤៥ឆ្នាំ Luis Enrique បានដឹកនាំក្រុម Barcelona ឲ្យឈ្នះពានរង្វាន់ចំនួន៣ពេលមកដឹកនាំក្រុមជាលើកដំបូង បន្ទាប់មកជួយក្រុមនេះឈ្នះពានរង្វាន់២បន្ថែមទៀតគឺពាន Uefa Super Cup និងClub World Cup។
ដោយមានការគាំទ្រពីខ្សែប្រយុទ្ធ៣រូប Lionel Messi, Luis Suarez និង Neymar ក្រុម Barcelona ដែលដឹកនាំដោយលោកLuis Enrique បានឈ្នះចំនួន៥០ប្រកួតនៅក្នុងឆ្នាំ២០១៥។
អ្វីដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់ភ្ញាក់ផ្អើលនោះគឺលោក Luis Enrique មិនបានបង្ហាញខ្លួននៅក្នុងប្រទេសស្វ៊ីសឡើយក្នុងកម្មវិធីប្រគល់ពានរង្វាន់ ហើយលោក Luis Enrique ខ្លួនឯងផ្ទាល់ មិនបានប្រាប់ឲ្យដឹងពីមូលហេតុដែលធ្វើឲ្យគាត់មិនបានទៅចូលរួមនោះទេ។
លោក Luis Enrique បានឈ្នះពានរង្វាន់ឆ្នើមដោយយកឈ្នះលើគ្រូបង្វឹករបស់ក្រុម Bayern Munich គឺលោកGuardiola ដែលបានដឹកនាំក្រុម Bayern ឈ្នះជើងឯកអាល្លឺម៉ង់ និងលោក Sampaoli ដឹកនាំក្រុមជម្រើសជាតិឈីលីឈ្នះពានរង្វាន់ទ្វីបអាមេរិកខាងត្បូងជាលើកដំបូង ៕ ដេវីត