កម្មករនេសាទម្នាក់ស្លាប់ទៀតហើយដោយគ្មានមូលហេតុច្បាស់លាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសជនជាតិវៀតណាមជាកម្មករនេសាទម្នាក់បានស្លាប់បាត់បង់ជីវិតទៀតហើយ ប៉ុន្ដែគ្មានមូលហេតុច្បាស់លាស់ ខណៈប្រហែល ១សប្ដាហ៍មុន មានកម្មករនេសាទម្នាក់បានស្លាប់បាត់បង់ជីវិតដែរនោះ ហើយត្រូវបានគេសង្ស័យមានការបិទបាំងព័ត៌មានបានយកជនរងគ្រោះទៅបូជាដោយស្ងាត់ៗ ។

dav

ហេតុការណ៍កម្មករនេសាទជនជាតិវៀតណាមស្លាប់ខាងលើ បានភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ត្រង់ចំណុចជ្រោយសរ ស្ថិតក្នុងភូមិ.ឃុំកំពង់ឃ្លាំង ស្រុកសូតនិគមន៍ ខេត្តសៀមរាប ។

សមត្ថកិច្ចស្រុកកណ្ដៀងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេ យ៉ាំងបៃ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅភូមិប្រាំ ឃុំកំពង់លួង ស្រុកក្រគរ មានប្រពន្ធមានផ្ទះពោះ និងកូនប្រុសស្រីតូចៗចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារនិងមានជីវភាពទីទាល់ ហើយបានទៅធ្វើកម្មករនេសាទឱ្យថៅកែម្នាក់នៅចំណុចកើតហេតុ។ គ្រានោះគេមិនដឹងមានហេតុការណ៍អ្វីច្បាស់លាស់នោះទេស្រាប់តែឃើញដឹកជនរងគ្រោះវិលត្រឡប់មកវិញ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័មចោលប្រពន្ធនិងកូនតូចៗនៅតាមផ្លូវ ហើយនៅលើខ្លួនប្រាណសាកសពមានស្នាមជាំច្រើនកន្លែងគួរឱ្យសង្ស័យ ។

សមត្ថកិច្ចនគរបាលស្រុកកណ្ដៀងបានបញ្ជាក់បន្ថែមថា ក្រោយការស្រាវជ្រាវជនរងគ្រោះត្រូវបានគេដឹងថា កំពុងបំពេញការងារមិនដឹងជាយ៉ាងម៉ិចបានជារអិលជើងដួលធ្លាក់ចូលទៅបាតទូកដែលមានជម្រៅជ្រៅគួរសម្យ ហើយគ្រានោះក្រុមអ្នកនេសាទបានដឹកគាត់ក្នុងគោលបំណងមកផ្ទះសាច់ញាតិ (នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង) តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់តាមផ្លូវ ហើយករណីនេះអាចបណ្ដាលមកពីខ្យល់គ ប៉ុន្តែរវាងជនរងគ្រោះ និងថៅកែរបស់គាត់ជាសាច់ញាតិផងនោះ បានសម្របសម្រួលគ្នាដោយធ្វើបុណ្យឱ្យជនរងគ្រោះ ។

ប្រភពពីប្រជានេសាទនៅភូមិកោះក្អែក បានឱ្យដឹងថា ថៅកែនេសាទប្រើឧបករណ៍អួនហ៊ុំទឹកសាបខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ង្វៀង យ៉ាំងស៊ី ភេទប្រុស អាយុ ៤៧ឆ្នាំ ស្នាក់នៅភូមិប្រាំ ឃុំកំពង់លួង ស្រុកក្រគរ ដែលមានឈ្មោះ ចក់ ​ប្រុសឡា (ហៅ អាញីវ) ជាថៅកែទិញត្រី និងនៅពីក្រោយខ្នងថៅកែដែលបង្កឱ្យមានកម្មករស្លាប់ដោយគ្មានមូលហេតុច្បាស់លាស់ខាងលើ សមត្ថកិច្ចជំនាញគួរតែពិនិត្យឱ្យបានម៉ត់ចត់ ខណៈមានមនុស្សស្លាប់ដោយងាយៗបែបនេះ ម្យ៉ាងទៀតនៅលើខ្លួនប្រាណជនរងគ្រោះមានស្លាកស្នាមគួរឱ្យសង្ស័យ។

គួររំលឹកផងដែរកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ នៅចំណុចព្រែកបាក់ដាវ ស្ថិតក្នុងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីកម្មករនេសាទម្នាក់បានស្លាប់បាត់បង់ជីវិតដែរ ដែលមានឈ្មោះ ឡេ យ៉ាំងមី ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិប្រាំ ឃុំកំពង់លួង ស្រុកក្រគរ បានទៅធ្វើជាកម្មករឱ្យថៅកែដោយប្រើឧបករណ៍ប្រភេទអួនកែឆ្នៃរួមផ្សំដោយចរន្តឆក់ ដែលគេស្គាល់ឈ្មោះ ង្វៀង យ៉ាំងតាំ ឬ អាន់ ស្នាក់នៅភូមិ.ឃុំជាមួយគ្នា ដែលមានមេឈ្មួញបទល្មើសនេសាទឈ្មោះ សេង ហ៊ុង (ហៅ អាក្បាលដែក) នៅពីក្រោយខ្នង ហើយបានទៅនេសាទត្រីនៅតំបន់ខាងលើនោះដែរ ដែលករណីខាងលើនេះ ត្រូវបានគេសង្ស័យជនរងគ្រោះស្លាប់ ខណៈថៅកែឱ្យចុះទៅត្រួតពិនិត្យជើងឧបករណ៍នៅក្នុងទឹក ព្រោះសាកសពត្រូវបានគេប្រទះឃើញនៅក្នុងថ្នក់ចាប់ត្រីនៃឧបករណ៍អួនកែឆ្នៃដោយមានសភាពរឹងក្រង៉េងក្រង៉ង់ និងមានត្រីមុតសុះសាច់នៅគ្រាដែលកម្មករផ្សេងលើកថ្នក់ចាប់ត្រី ប៉ុន្ដែរឿងនេះត្រូវបានគេបង្វែមកជាស្លាប់ដោយសារខ្យល់គដូចករណីខាងលើដែរ ហើយមានការលាក់លាមព័ត៌មានប្រញ៉ាប់ប្រញ៉ាលយកសាក​សពទៅបូជា ប៉ុន្ដែគេដឹងថា ថៅកែដែលព្យាយាមគេចខ្លួនហើយមានអ្នកនៅពីក្រោយខ្នងចេញមុខអន្តរាគមន៍ចេញលុយធ្វើបុណ្យ និងសង ១ពាន់ដុល្លា ដល់សាច់ញាតិ ដូច្នេះករណីនេះពិតជាមិនធម្មតាទេ ។

ករណីខាងលើមតិមហាជនលើកឡើងស្រដៀងៗគ្នាថា សមត្ថកិច្ចជំនាញពាក់ព័ន្ធគួរតែយកចិត្តទុកដាក់ក្នុងករណីខាងលើនេះផង ខណៈមានមនុស្សស្លាប់ជាប​ន្តបន្ទាប់ ដោយគ្មានមូលហេតុច្បាស់លាស់នោះ ពុំដូច្នេះទេជនពាក់ព័ន្ធចេះតែរួចខ្លួនជានិច្ច ៕

...

dav
dav

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print