ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់មិនទាន់គ្រប់អាយុបេីកបររថយន្តលើផ្លូវសាធារណៈ រួមទាំងប្អូនម្នាក់ដែលរួមដំណើរត្រូវបានសមត្ថកិច្ចនគរបាលស្រុកបានហៅមកសាកសួរនិងធ្វើការអប់រំអោយអាណាព្យាបាលធ្វើកិច្ចសន្យាចំពោះសមត្ថកិច្ចអោយកូនបញ្ឈប់ជាបន្ទាន់ក្នុងការបើកបរមិនអោយប្រព្រឹត្តកំហុសខុសឆ្គងបន្តទៀត។
ការហៅមកសាកសួរនេះធ្វើឡើងកាលពីវេលាម៉ោង៤និង៤៦នាទីរសៀលនៅថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២០នៅភូមិវាល្ងើត ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមលោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា៖ ក្មេងប្រុសមិនទាន់គ្រប់អាយុបើកបររថយន្តមានឈ្មោះសុខ ចាន់រ៉ាឌី អាយុ១២ឆាំ្ន រស់នៅភូមិវាល្ងើត ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពបន្តថា៖ រីឯឪពុកមានឈ្មោះ សុខ វុទី្ធអាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញនៅក្រុងបាវិត និងម្តាយឈ្មោះវ៉ែន សុម៉ាលីភេទស្រីអាយុ៣៥ឆ្នាំ មុខរបរកម្មករកាត់ដេរោងចក្រ។
ប្រភពបន្តថា ៖ បន្ទាប់ពីឃេីញបណ្ដាញសង្គម ហ្វេសប៊ុក បង្ហោះក្មេងមិនគ្រប់អាយុបេីកបររថយន្ត បង្ករអោយមានការរិះគន់ខ្លាំង លោកស្នងការនគរបាលខេត្តបានបញ្ជាអោយរូបលោក បានស្រាវជ្រាវរកឃេីញ និង បានហៅមកធ្វើការអប់រំអោយអាណាព្យាបាលធ្វើកិច្ចសន្យាចំពោះសមត្ថកិច្ចអោយកូនបញ្ឈប់ជាបន្ទាន់ក្នុងការបើកបរ។
មហាជនក៏បានធ្វើការរិៈគន់ទៅលើឪពុកម្តាយដែលបណ្ដែតបណ្តោយអោយកូនអោយបើករថយន្តទំនើងតាមចិត្តគ្មានគិតថាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃផ្សេង ពិសេសយកអាយុជីវិតទៅប្រឡែងលេងផងដែរ៕
ដោយ៖ យឹម សុថាន