ខេត្តស្វាយរៀង ៖ រថយន្ត៨គ្រឿងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង ចុះបង្ក្រាបរថយន្តដឹកធ្យួងចំនួន៨គ្រឿងដែលក្រុមឈ្មួញបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ មេសា នៅចំណុចខាងលិចច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ចម្ងាយ២០០ម៉ែត្រក្នុងភូមិបុស្សមន ឃុំបុស្សមន ស្រុករំដួលខេត្តស្វាយរៀង ។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១២ មេសា មានរថយន្តចំនួន៨គ្រឿង (ធំ៥គ្រឿង) បានដឹកធ្យួងមកតាមផ្លូវជាតិលេខ៣១៣ រួចចុះឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីបុស្សមនបម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ។
ដោយមានមេការអ្នករត់ផ្លូវទៅទំនាក់ទំនងសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វាព្រំដែនសុំដឹកចេញ ក៏ប៉ុន្តែលោកមេប៉ុស្ត៍មិនអនុញ្ញាតឆ្លងដែន នៅពេលយប់គ្មានច្បាប់អនុញ្ញាត ក៏ឱ្យត្រឡប់ក្រោយវិញ ។
ប្រភពបន្តទៀតថា ក៏ប៉ុន្តែក្រុមឈ្មួញមិនបានថយក្រោយទេ គឺឈប់នៅតាមផ្លូវថ្នល់ក្នុងភូមិជិតច្រកទ្វាព្រំដែន លុះដល់ព្រឹកឡើងថ្ងៃទី១៣ មេសា ទើបសមត្ថកិច្ចកងរាជអាវុធហត្ថចុះល្បាតឃើញក៏ ឃាត់សាកសួរនិងបញ្ជូនមកកាន់ទីញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធី។
ទាក់ទិនករណីនេះដែរ លោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់រថយន្តដឹកធ្យូងចំនួន៨គ្រឿងដែលបម្រុងឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ ចំពោះធ្យូងច្បាប់អនុញ្ញាតធ្វើអាជីវកម្មបាន តែនៅក្នុងស្រុកក្នុងទ្រង់ទ្រាយបន្តិចបន្តួចប៉ុណ្ណោះ ក៏ប៉ុន្តែនេះឈ្មួញដឹកក្នុងទ្រង់ទ្រាយធំ ហើយបម្រុងឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ទៀតទើបបង្ក្រាប ។
ហើយធ្យូងនេះផលិតពីឈើមិនមែនធ្យូងសុប្បនិមិត្តទេ ដូច្នេះ ការដុតធ្យូងឈើ គឺជាការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ធ្វើឲ្យបាត់បង់ព្រៃឈើធម្មជាតិធ្ងន់ធ្ងរ ហើយនៅពេលមន្ត្រីជំនាញសាកសួររួចនិងកសាងសំណុំរឿងបញ្ជូនទៅឲ្យរដ្ឋបាលព្រៃឈើស្វាយរៀងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕