ខេត្តបន្ទាយមានជ័យ៖ ទំនិញម្ហូបអាហារ និងភេសជ្ជៈហួសកាលកំណត់ប្រើប្រាស់ និងទំនិញហាមឃាត់ខុសច្បាប់ជាច្រើនប្រភេទមួយចំនួនធំ ដែលប្រឈមបង្កឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋប្រើប្រាស់ហើយអាជីវករថៃឈប់លក់ទៅឱ្យប្រជាជនថៃទៅហើយនោះបែរជាអាជីវករខ្មែរនាំគ្នាចូលទៅទិញតម្លៃថោកនៅក្នុងផ្សារថៃជាប់ព្រំដែននិងឃុំអូរជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកមកតាំងលក់ឱ្យប្រជាពលរដ្ឋទិញទទួលទានក្នុងផ្សារស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាន មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងក្រសួងមហាផ្ទៃ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យរកឃើញហើយដកហូត យកមករក្សាទុកដើម្បីទុកដុតកំទេចចោល។
ការចុះត្រួតពិនិត្យទំនិញហាមឃាត់ខុសច្បាប់ខាងលើ សមត្ថកិច្ចជំនាញធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅចំណុចផ្ទះអាជីវករមួយកន្លែងយីហា ឡុង សុគន្ធារី នៅភូមិអូបីជាន់ ឃុំអូរបីជាន់ ដែលជាផ្ទះសមត្ថកិច្ចរកឃើញលក់ទំនិញហាមឃាត់ខុសច្បាប់ច្រើនជាងគេនិងតាមតូបអាជីវករនៅក្នុងផ្សារគត្តសត៥តូបទៀត។
ទន្ទឹមនោះសមត្ថកិច្ចជំនាញក៏បានដកហូតនូវត្រណាប់ដូងនាំចូលពីប្រទេសវៀតណាមហាមឃាត់ខុសច្បាប់ដែលអាចបង្កឱ្យកើតជម្ងឺមហារីកដល់អ្នកទទួលទានមួយចំនួនធំទៀតផងដែរ។
សមត្ថកិច្ចជំនាញចុះទៅទប់ស្កាត់ទំនិញហាមឃាត់ខុសច្បាប់នៅក្នុងផ្សារស្រុកអូរជ្រៅ ក្រោមការដឹកនាំពីលោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលសាខាខេត្ត តំណាងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាគឺដើម្បីបង្ការទប់ស្កាត់រាល់ការចរាចរណ៍ទំនិញខុសច្បាប់លក់នៅលើទីផ្សារក្នុងការចូលរួមលើកស្ទួយសុខមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋ។
ទំនិញម្ហូបអាហារដែលដកហូតបានរួមមានត្រីខកំប៉ុង១៣១កំប៉ុង ទឹកស៊ីអ៊ីវនិងទឹកម្ទេស២១ដប នំចម្រុះ២២៥កញ្ចប់ ទឹកផ្លែឈើ៩កំប៉ុង ចាហ៊ួយជ័រ ៦០ កំប៉ុងជ័រ ទឹកខ្មេះរូបទ្សាយ២៩ដប ទឹកក្រូចដបជ័រ១៩ដប ទឹកដោះគោកំប៉ុង៧៨កំប៉ុង ស្រាបៀរអង្គរខូចគុណភាព២១កំប៉ុង កំទេចមី៥ថង់ធំ និងតំណាប់ដូងថាញ់ប៊ិញនាំចូល ពីប្រទេសវៀតណាម៧០គីឡូក្រាម។
បើតាមប្រភពព័ត៌មានពីអាជីវករដែលដាក់តាំងលក់ទំនិញហួសកាលកំណត់ប្រើប្រាស់និងហាមឃាត់ខុសច្បាប់ ខាងលើប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ទំនិញទាំងនោះគឺពួកគាត់ទើបតែចូលទៅទិញតាមច្រករបៀងអូរបីជាន់ក្នុងផ្សារតាឡាត់ណាត់ក្នុងដីថៃមួយអាទិត្យគេដាក់លក់ម្តង ដោយមិនដឹងថាទំនិញទាំងនោះថៃដាក់លក់ផុតកាលកំណត់ប្រើប្រាស់នោះឡើយ។ជាងទៅទៀតមុខទំនិញមួយចំនួនទៀតក៏ត្រូវបានឈ្មួញនាំពីប្រទេសថៃតាមច្រករបៀងយកមកលក់បោះឱ្យពួកគាត់លក់បន្ត។
សមត្ថកិច្ចជំនាញចុះត្រួតពិនិត្យនិងដកហូតទំនិញហាមឃាត់ខុសច្បាប់សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំនិងឱ្យអាជីវករនោះធ្វើកិច្ចសន្យាប៉ុណ្ណោះដើម្បីឱ្យបញ្ឆប់ការនាំទំនិញហាមឃាត់ខុសច្បាប់យកមកដាក់លក់ចាប់ពេលនេះតទៅ ហើយបើថ្ងៃក្រោយមិនរាងចាលសមត្ថកិច្ច រកឃើញក្នុងគោលបំណងចេតនាដាក់លក់ទំនិញហាមឃាត់ខុសច្បាបជាដដែល សមត្ថកិច្ចនិងអនុវត្តតាមវិធីច្បាប់។
សូមបញ្ជាក់ថាជុំវិញអាជីវករថៃលក់ទំនិញហាមឃាត់ខុសច្បាប់ដល់អាជីវករខ្មែរនោះដែរ កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវប្រទេសថៃបានបើកកិច្ចប្រជុំ មួយដើម្បីពិនិត្យទៅលើបញ្ហានោះ ខាងភាគីថៃសំណូមពរឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ មុននិងឱ្យក្រុមហ៊ុនថៃចូលមកដាក់លក់ទំនិញក្នុងពិធីតាំងពិពណ៌ណាមួយ ត្រូវតែធ្វើឡើងក្នុងកិច្ចសហការតាមរយៈអាជ្ញាធរខេត្តស្រះកែវ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ពីព្រោះដើម្បីបញ្ចៀសខ្លាចអាជីវករថៃយកទំនិញជិតហួសនិងហួសកាលកំណត់ប្រើប្រាស់ និងទំនិញហាមឃាត់ផ្សេងទៀតលួចយកមលក់ឱ្យប្រជាពលរដ្ឋខ្មែរ៕
ដោយ៖ សំ វិច្ឆិកា