ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក៎បានស្លាប់ ចំណែក៦នាក់ទៀតរងរបួសធ្ងន់ និង៤នាក់រងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ។ ករណីទី១-កើតឡើងនៅស្រុកមង្គលបូរី និងករណីទី២-កើតនៅក្រុងសិរីសោភ័ណ។
លោកសន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកបានប្រាប៎អោយដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ករណីទី១- កើតហេតុ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០នៅលើផ្លូវជាតិលេខ១៥៩ត្រង់ចំនុចភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រវាងម៉ូតូហុងដាសេ125 គ្មានស្លាកលេខ បើកពីត្បួងទៅជើងលុះបើកមកកន្លែងកើតហេតុ បានបើកឡើងប្រជែងរថយន្តច្នៃ ក្នុងទិសដៅស្របគ្នាមិនមើលឧបស័គ្គខាងមុខក៏ទៅបុកប៉ះជាមួយរថយន្តកាមរីស៊េរីឆ្នាំ១៩៩២ ពាក់ស្លាកលេខ ភ្នំពេញ 2H-2402 បណ្តាលឲ្យស្លាប់ម្នាក់ ជាស្ត្រីអ្នកបើកម៉ូតូ និងស្រីក្មេងរួមដំណើររបួសស្រាល ។ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បង្កមកពីម៉ូតូបើកឡើងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនពាក់មួកការពារសុវត្ថិភាព ។ ចំណែកអ្នកបើករថយន្តរត់គេចបាត់ ។ ឯសពស្ត្រីរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរបាលពិនិត្យធ្វើកោសល្យវិច្ច័យរួច។ ដោយឡែកវត្ថុតាងម៉ូតូនិងរថយន្តសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។
លោកនាយការិយាល័យបានឲ្យដឹងទៀតថា៖ ចំណែកករណីទី២- កើតហេតុនៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ផ្លូវជាតិលេខ៥ចំនុចស្រះដើមអំពិល ស្ថិតនៅត្រង់ភូមិទឹកថ្លាសង្កាត់-ក្រុងសេរីសោភ័ណ រវាងរថយន្តកាមរីឆ្លាមស្លាកលេខភ្នំពេញ 2C-7018បើកក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុ ក៏ឡើងប្រជែងរថយន្តខាងមុខ បណ្តាលឲ្យជ្រុលទៅបុករថយន្តហាយឡែនឌឺ ពាក់ស្លាលេខភ្នំពេញ 2U-6148 បើកបរបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យអ្នកជិះក្នុងរថយន្តឆ្លាមរបួសធ្ងន់៥នាក់ ប្រុស៣ស្រី២ និងអ្នករួមដំណើររថយន្តហាយឡែនឌឺ របួសស្រាល៣នាក់។
លោកនាយការិយាល័យនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ មូលហេតុកើតមានគ្រោះថ្នាក់នេះមកពីរថយន្តកាមរីឆ្លាមប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជនរងគ្រោះរងបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តឆ្លាម ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ដើម្បីបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីបន្ត។ រីឯវត្ថុតាងរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ នីម វណ្ណា