ភ្នំពេញ៖ មុននេះក្នុង Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏មានទំនួលខុសត្រូវគ្រប់យ៉ាងដល់ជនរួមជាតិ និងប្រទេសជាតិ បានបង្ហោះសារថា៖ «*Profile និង Page ផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺមានតែមួយគត់ »
ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏មានជនអគតិមួយចំនួនបានប្រឌិតនូវព័ត៌មានមិនពិតជាច្រើនដើម្បីបំពុលសង្គមជាតិ។ ទន្ទឹមនឹងនោះ ក៏មានជនអគតិមួយចំនួនបានលួចបង្កើត Profile និង Page មិនពិតជាច្រើនក្នុង facebook ដាក់ឈ្មោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាមិនល្អដោយបានបង្ហោះសារ និងព័ត៌មានបោកប្រាស់បំភ័ន្តភ្នែកសាធារណៈជនជាច្រេីន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មាន Profile និង Page ផ្លូវការតែមួយគត់ ក្នុង Facebook ដែលមានសញ្ញាគូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់ថាពិត (Verified) ពីក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះគឺសុទ្ធតែជា Profile និង Page ក្លែងក្លាយទាំងអស់។
សូមបងប្អូនជនរួមជាតិប្រើប្រាស់បណ្តាញសង្គម facebook មានការទទួលខុសត្រូវនឹងប្រុងប្រយ័ត្នខ្ពស់ ហើយកត់សម្គាល់ Profile/Page ពិត និង Profile/Page ក្លែងក្លាយដែលដាក់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន កំពុងបង្ហោះសារ និងព័ត៌មានមិនពិតដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រមុខដឹកនាំ។
សូមក្រសួងជំនាញស្រាវជ្រាវពិនិត្យនិងបិទ Profile/Page ក្លែងក្លាយទាំងនោះជាបន្ទាន់ ដើម្បីកុំអោយបន្តផ្សព្វផ្សាយសារនិងព័ត៍មានបោកបញ្ឆោតបំពុលបរិកាសសង្គមជាបន្តទៀត៕
ដោយ៖ សុខ ខេមរា