ភ្នំពេញ៖ ពាក់ព័ន្ធក្នុងរឿងជនសង្ស័យចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង តាមរយៈការធ្វេសប្រហែសរបស់នាយប៉ុស្តិ ត្រូវបានអធិការនគរបាលខណ្ឌ ធ្វើរបាយការណ៍ពីការធ្វេសប្រហែសរបស់មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើអោយជនសង្ស័យចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង ត្រូវបានបញ្ជូនទៅស្នងការ ដើម្បីពិនិត្យនិងសម្រេច នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈលើកូនស្រីខ្លួនឯងអាយុ១៤ឆ្នាំ បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំង ដែលបង្ហាញពីការធ្វេសប្រហែលរបស់លោកវរសេនីយ៍ត្រី ណេង សាមឿន មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះ ។
ទោះបីយ៉ាងណា បញ្ហានេះ នៅពុំទាន់បញ្ចប់នៅឡើយទេ ដោយរបាយការណ៍ពីការធ្វេសប្រហែសនេះ ត្រូវបានបញ្ជូនទៅលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេច ។
លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់ អោយដឹងថា៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ករណីនេះ ពិតជាករណីចងកសម្លាប់ខ្លួនប្រាកដមែន ដោយជនសង្ស័យមានផ្ទុកសារធាតុញៀនថែមទៀតផង ។
លោកអធិការ បន្តថា៖ របាយការណ៍ពីការធ្វេសប្រហែសរបស់លោកមេប៉ុស្តិ៍ស្ទឹងមានជ័យ គឺ លោកបានបញ្ជូនទៅលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ រួចហើយ ដើម្បីពិនិត្យនិងសម្រេច ។
សូមបញ្ជាក់ថា ជនសង្ស័យ ទំនងចងក សម្លាប់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដែលធ្វើអោយភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះ ។
ជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុតដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់បុគ្គលិករបស់អង្គការស្កុតថា ឪពុករបស់ខ្លួនបានចាប់រំលោភនាងបានសម្រេច២ដងមកហើយ ។
នៅដំណាក់កាលសមត្ថកិច្ច , ជនសង្ស័យបានសារភាពថា ពិតជាបានរំលោភសេពសន្ថវៈលើកូនស្រីពិតប្រាកដមែន ។ គេសន្និដ្ឋានបឋមថា៖ ដោយសារជនសង្ស័យ មានការខ្មាស់អៀននឹងទង្វើរបស់ខ្លួនដែលធ្វើមកលើកូនស្រីបង្កើតរបស់ខ្លួនបែបនេះ ទើបជនសង្ស័យសម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តងទៅ ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ៖ សពជនសង្ស័យខាងលើនេះពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕
ដោយ៖ ចេស្តា