ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់បែកមុខបែកមាត់ ដោយសារតែត្រូវជនមិនស្គាល់មុខមួយក្រុម មានទាំងរថយន្ត និងម៉ូតូ បានជិះដេញបុកនិងវាយតាមផ្លូវ ហើយមិនអស់ចិត្តបានមកវាយដល់មុខផ្ទះថែមទៀត និងយករបស់របរ លុយអស់មួយចំនួន ដោយសង្ស័យថាជាករណីដេញតាមប្លន់ដល់មុខផ្ទះទៀតផង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខសណ្ឋាគារវ៉ាស៊ីនតោន តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេនិងប្អូនប្រុស បានជិះម៉ូតូម្នាក់១គ្រឿង មកពីស្ពានជ្រោយចង្វាជិះតាមបណ្តោយផ្លូវជាតិលេខ៦ បំណងត្រឡប់មកផ្ទះវិញនៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ ខណះបានពាក់កណ្តាលផ្លូវស្រាប់តែមានជនមិនស្គាល់មុខមួយក្រុមជិះរថយន្តម៉ាកវីហ្គូមកពីក្រោយ ហើយបានអែបនិងបានស្រែកជេរ រួចគៀរឱ្យចូលគៀនតែជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូរត់ តែត្រូវបានពួកគេជិះរថយន្តដេញតាមបុក និងម៉ូតូ២គ្រឿងទៀត ហើយជនរងគ្រោះបានជិះមកដល់ខាងមុខផ្ទះទៅហើយ ក៏ជនសង្ស័យបានចុះពីលើម៉ូតូនិងរថយន្តប្រដាប់ដោយដុំថ្ម និងដុំឈើ វាយមកលើជនរងគ្រោះម្នាក់ បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងបានវាយកំទេច ខ្ទេចម៉ូតូមួយគ្រឿងថែមទៀត ហើយយកកាបូប ដែលមានលុយនៅក្នុងនោះមួយចំនួន និងអាយផេតមួយគ្រឿង រួចគេចខ្លួនបាត់អស់ ។
ក្រោយមកទើមសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបាននាំជនរងគ្រោះទៅសួរនាំបន្ងែមនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា និងដាក់ពាក្យបណ្តឹងផងដែរ ៕
...
ដោយ៖ ព្រែកជ័យ