ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្ស ២នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ រវាងរថយន្តកាមរីបាឡែន បើកបុកគូទរថយន្តធំពីក្រោយ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៦.១៣៧ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៤ ខែមករានេះថា ក្រោយពីសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវឃើញថា រថយន្តម៉ាក តូយូតាកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-6534 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើបានបុករថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1020 ពីក្រោយពេញទំហឹង បណ្ដាលឱ្យភាគីរថយន្តបាឡែនខូចខាតយ៉ាងដំណំ និងរងរបួសអ្នកបើកបរនិងអ្នករួមដំណើរ ចំណែកភាគីខាងរថយន្តធុនធំមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយមិនមានអ្នករងរបួសនោះដែរ ។
លោកអធិការបន្តថា អ្នកបើកបររថយន្តកាមរីបាឡែនឈ្មោះ ម៉ម វណ្ណៈ ភេទប្រុស អាយុ ២៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ គៀត ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ អ្នកទាំងពីររស់នៅរាជធានីភ្នំពេញ បានរងរបួសស្រាល ។
លោកអធិការបន្តទៀតថា នៅព្រឹកថ្ងៃទី១៤នេះ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយមិនចង់វែងឆ្ងាយ ខាងភាគីរថយន្តធំជួយសងថ្លៃការខូចខាតខាងរថយន្តតូច ប៉ុន្ដែមិនទាន់ដឹងអំពីចំនួនថ្លៃការខូចខាតនោះឡើយ ៕
ដោយ៖ ប៉ឹម ពិន