កណ្ដាល៖សាកសពស្រ្ដីម្នាក់ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកក្នុងរណ្ដៅដីមួយកន្លែង ក្នុងសភាពស្អុយរលួយដោយសង្ស័យថា ជាករណីឃាតកម្ម ។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ក្រូចសើច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា សាកសពជនរងគ្រោះពុំស្គាល់អត្ដសញ្ញាណភេទស្រី អាយុប្រហែល២០ឆ្នាំ ចំណែកវត្ថុតាងដកហូតបានមាន៖ ដុំថ្ម១ដុំ ទំហំប៉ុនភ្លៅ នៅក្នុងអាវសាកសព ។
ប្រភពដដែលបន្ដថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៦ មានប្រជាពលរដ្ឋជាអ្នកឃ្លាលគោម្នាក់ បានទៅដឹកគោនៅកន្លែងកើតហេតុ ស្រាប់តែឃើញសាកសពអណ្ដែតក្នុងរណ្ដៅដីដោយមានសភាពស្អុយរលួយ ភ្លាមនោះក៏រាយការណ៍
ជូនមេភូមិក្រូចសើច ហើយមេភូមិបានរាយការណ៍បន្ដជូននគរបាលប៉ុស្តិ៍ដើមឫស្សី
និងមន្រ្ដីនគរបាលជំនាញចុះមកកន្លែងកើតហេតុ ធ្វើការពិនិត្យដោយឃើញថា សាកសពមានចងដុំថ្មមួយដុំនៅក្នុងអាវ ដោយសន្និដ្ឋានបឋមថា អាចជាករណី ឃាតកម្ម ។
បន្ទាប់ពីធ្វើការពិនិត្យសាកសពរួច នគរបាលជំនាញកសាងសំណុំរឿង ដើម្បីធ្វើការស្រាវស្រាវរកសាច់ញាតិ និងមុខសញ្ញាជនដៃដល់ដើម្បីចាត់ការតាមច្បាប់ ៕