ភ្នំពេញ៖ បុរសម្នាក់ ជាសន្តិសុខយាមនៅផ្សារទំនើបអូឡាំព្យារ បានដួលស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងតែដើរកម្សាន្តក្នុងផ្សារនិងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យភ្លាមៗ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតចំណុចផ្សារទំនើបអូឡាំព្យារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ណាំ រដ្ឋា អាយុ៤៥ឆ្នាំ ជាសន្តិសុខយាមផ្សារទំនើបអូឡាំព្យារ មានស្រុកកំណើត នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
តាមប្រភពព័តមានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងតែឈរយាមសុខៗ ស្រាប់តែមានអាការៈមិនស្រួលខ្លួនក៏ដេកដួលស្លាប់មួយរំពេចតែម្តង ដោយមិនមានសន្តិសុខ ឬបុគ្គលិកណាជួយសង្គ្រោះទាន់ពេលវេលានោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដឹកសាកសពជនរងគ្រោះ យកទៅធ្វើកោសល្យវិច័យ នៅឯវត្តស្ទឹងមានជ័យ រួចកម្លាំងជំនាញសន្និដា្ននថា មូលហេតុដោយសារគាត់មានជំងឺលើសឈាម ហើយក៏ធ្វើកំណត់ហេតុរួចរាល់ ប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តព្រៃវែង ។
គួររំលឹកថា ផ្សារទំនើបអូឡាំព្យារខាងលើនេះ កន្លងមកមានករណីធ្លាក់ដែកពីលើអាគារបណ្ដាលឲ្យជុងមនុស្សស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ ខណៈដែលអាគារនោះកំពុងសាងសង់ ៕
ដោយ៖ ស រស្មី