វ៉ាស៊ីនតោន៖ នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ តាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera បានសរសេរថា ប្រជាជនអាមេរិករាប់រយនាក់ បានប្រមូលគ្នាធ្វើបាតុកម្ម នៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ដើម្បីបង្ហាញការប្រឆាំងជំទាស់នឹង «បទបញ្ជាស្ថិត នៅក្នុងផ្ទះ» ទប់ស្កាត់ COVID-19 ។
គោលបំណងរួមនៃបាតុកម្មតវ៉ាខាងលើ គឺទាមទារឱ្យ «បទបញ្ជាស្ថិតនៅក្នុងផ្ទះ» ត្រូវបញ្ចប់មុនពេលកំណត់ ពោលគឺមុនថ្ងៃទី៤ ខែឧសភា។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នៅក្នុង បាតុកម្មតវ៉ានៅក្នុងទីក្រុង Austin គេសង្កេតឃើញបាតុករខ្លះ បានស្រែកទាមទារឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្ដេញ លោក Anthony Fauci ដែលជា អ្នកដឹកនាំអង្គភាពប្រឆាំង COVID-19 នៃសេតវិមាន និងជាអ្នកគាំទ្រការពន្យារពេល «វិធានការគម្លាតសង្គម ក៏ដូចជាវិធានការស្ថិតនៅក្នុងផ្ទះ» ចេញពីតំណែងទៀតផង ។
ប្រជាជនអាមេរិកមួយចំនួន នៅតាមបណ្ដារដ្ឋមានអត្រាឆ្លង COVID-19 ទាប បានបង្ហាញការមិនពេញចិត្តកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំពោះវិធានការ ស្ថិតនៅក្នុងផ្ទះ ដែលពួកគេយល់ថា ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
ជាក់ស្ដែង កាលពីថ្ងៃសៅរ៍ ម្សិលមិញ មនុស្សជាង ៤០០នាក់ បានប្រមូលផ្ដុំគ្នាក្នុងទីក្រុង Concord រដ្ឋ New Hampshire ខណៈមនុស្សជាង២០០នាក់ នៅទីក្រុង Annapolis នៃរដ្ឋ Maryland និងច្រើនជាង២៥០នាក់ផ្សេងទៀត ក្នុងទីក្រុង Austin នៃរដ្ឋ Texas បានប្រមូលផ្ដុំគ្នា ដើម្បីតវ៉ាប្រឆាំងនឹងវិធានការនេះ ៕
ដោយ៖ ស តារា