ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្មីៗនេះបានចេញនូវសេចក្តីប្រកាសស្តីអំពី«ការរំលោភបំពានស្នាដៃអក្សរសាស្រ្ត សិល្បៈ ឬតូរ្យតន្រ្តី គ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍» ។ ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកកែប្រែស្នាដៃបទចម្រៀងមរតកដើមដោយមិនមានការអនុញ្ញាតិ។
ការប្រកាសរបស់ក្រសួងធ្វើឡើងក្រោយពីស្នាដៃមរតកដើមជាច្រើនត្រូវបានយកមកច្នៃច្រៀងជាថ្មី ផ្លាស់ប្តូរទំនុកច្រៀង កែប្រែចំណងជើង បទភ្លេងថ្មី និងត្រូវបានគេចែករំលែក ពេញបណ្តាញសង្គមហ្វេសប៊ុក និង Youtube។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងបានលើកឡើងថាការកែប្រែស្នាដៃមរតកដើមនេះនឹងធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំ ហើយបានចាត់ទុកថាជាការំលោភបំពានលើសិទ្ធិសីលធម៌ និងសិទ្ធិបេតិកភណ្ឌរបស់អ្នកនិពន្ធ។ ក្រសួងក៏បានចាត់ទុកការយកស្នាដៃទាំងនោះមកធ្វើការផលិតឡើងវិញ ថតឡើងវិញ និងយកទៅផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយនានានោះគឺជាអំពើខុសច្បាប់។ ជាមួយគ្នានេះក្រសួងស្នើឲ្យផលិតកម្ម ម្ចាស់ប្រពន្ធផ្សព្វផ្សាយ សិល្បករ ផលិតករ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភបំពាន និងដើម្បីគោរពច្បាប់ស្តីអំពី” សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល” ទាំងអស់គ្នា។
ក្រសួងព្រមានចាត់វិធានកការតាមផ្លូវច្បាប់ ក្នុងករណីដែលនៅតែមានការរំលោភបំពាននេះ ដើម្បីលើកស្ទួយស្នាដៃដើម និងបង្កើតស្នាដៃថ្មីៗ ខាងវិស័យវប្បធម៌។
គូរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ទេដែលក្រសួងសិល្បៈវប្បធម៌ ធ្វើការណែនាំ និងព្រមានដល់សិល្បករ ផលិតករ បណ្តាញផ្សព្វផ្សាយឲ្យបញ្ចប់ការរំលោភបំពានេះ ។ កន្លងទៅក្រសួងក៏ធ្លាប់ធ្វើការណែនាំដោយផ្ទាល់ដល់ផលិតកម្ម អ្នកនិពន្ធ ឲ្យបញ្ចប់ការកែច្នៃស្នាដៃមរតកដើមនេះផងដែរ៕ ដោយ វឌ្ឍនា