ខេត្តស្វាយរៀង៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ លោក សរ សុដានី អភិបាលរងក្រុង តំណាងអភិបាលក្រុងស្វាយរៀង បានណែនាំប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរតាមផ្សារចូលរួមធ្វើអនាម័យជាប្រចាំ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានរបៀបរៀបរយ ដើម្បីក្លាយជាទីក្រុងស្អាត ។ ការថ្លែងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២០ នៅក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើអនាម័យ ក្នុងការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅជុំវិញផ្សារវាលយន្ត ក្រុងស្វាយរៀង ។
ក្នុងឪកាសនោះ លោកសរ សុដានី អភិបាលរង ក្នុងនាមរដ្ឋបាលក្រុងស្វាយរៀងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និង ជាអនុប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ដែលបានឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគដល់ក្រុមការងារថ្នាក់ក្រុង សម្រាប់ប្រើប្រាស់ក្នុងក្រុងស្វាយរៀងទាំងមូល ។
លោកបន្តថា បច្ចុប្បន្ន បើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ក៏ដោយក៏យើងទាំងអស់គ្នាបន្តយកចិត្តទុកដាក់បំផុត ពង្រឹងការអនុវត្តទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ហើយក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្នុងខេត្តស្វាយរៀង កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩នេះ ។
លោកអភិបាលរង បានអំពាវនាវដល់បងប្អូនក្រុមអាជីវករលក់ដូរជុំវិញផ្សារវាលយន្តទាំងអស់ ត្រូវចេះថែរក្សាសុខភាពជាធំ និងធ្វើអនាម័យជាប្រចាំឲ្យបានល្អ សម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារ ហើយត្រូវចូលរួមទប់ស្កាត់ជម្ងឺឆ្លងនេះទាំងអស់គ្នាហើយបើមានការសង្ស័យណាមួយ សូមទំនាក់ទំនងជាបន្ទាន់មកកាន់មន្ទីរពេទ្យជំនាញ ដើម្បីទទួលបានការពិនិត្យពីក្រុមគ្រូពេទ្យជំនាញ ។ ជាចុងក្រោយសំណូមពរសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំធ្វេសប្រហែសឲ្យសោះ ព្រោះជម្ងឺកូវីដ១៩នេះ នៅតែជាបញ្ហារប្រឈមនៅឡើយទេ ៕
ដោយ៖ យឹម សុថាន