ពិភពលោក៖ មកដល់ថ្ងៃទី២១ខែ មេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក នៅតែបន្តកើនឡើង ប៉ុន្តែកើនឡើងយឺតជាងមុន ដោយសារតែប្រទសក្នុងតំបន់អឺរ៉ុប មានចំនួនអ្នកឆ្លង និងស្លាប់ថយចុះទាបជាងមុន។
គេហទំព័រដែលមានជំនាញ តាមដានស្ថានភាពកូវីដ-១៩ នៅលើពិភពលោក គឺ Worldometers និងWikipedia មានតួលេខខុសគ្នាបន្តិច ។ ស្ថិតិកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) របស់គេហទំព័រ Worldometers ផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ អះអាងថា អ្នកឆ្លងវីរុសនេះ នៅទូទាំងពិភពលោកកើនឡើង សរុប ២ . ៤៧៧ ៧២៤ នាក់ ។ ប៉ុន្តែប្រភពWikipedia ផ្សាយថា អ្នកឆ្លងសរុប ២ .៤៦៨ ៧៣៣ នាក់ ។
ប្រភពដដែល បានបន្តថា ៖ ក្នុងចំណោមអ្នកឆ្លងទាំងនោះ បាត់បង់ជីវិត សរុប ១៦៩ ៧៩៤ នាក់ និងមានអ្នកជំងឺ ចំនួន៦៤៥ ០៩៩ នាក់ បានជាសៈស្បើយ។ ប្រភពថា វីរុសនេះ បានឆ្លងរាតត្បាត នៅលើដែនដី និងប្រទេសសរុប ២៣៥ នៅជុំវិញពិភពលោក ។
អង្គការសុខភាពពិភពលោក ហៅកាត់ WHO, មន្ត្រីទទួលបន្ទុកកិច្ចការប្រឆាំងកូវីដ១៩ ក៏ដូចជា សាស្ត្រាផ្នែកសុខាភិបាលពិភពលោកប្រចាំ នៅមហាវិទ្យាល័យ Imperial College London បានបញ្ជាក់ កាលពីពេលថ្មីៗនេះថា វ៉ាក់សាំងដែលពិភពលោកខិតខំបង្កើតឡើងនាពេលកន្លងមកនេះ មិនធានាបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នោះឡើយ។
គួររំឭកថា កូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ បានចាប់ផ្តើមផ្ទុះឡើងដំបូង នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល នៃប្រទេសចិន។ រហូតមកដល់ពេលនេះ វីរុសបានឆ្លងពាសពេញពិភពលោក ក្នុងនោះអាមេរិក, អេស្ប៉ាញ, អ៊ីតាលី, អាល្លឺម៉ង់, អង់គ្លេស និងបារាំង…ជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត៕
ដោយ៖ ធី រិណា