កូរ៉េខាងជើង៖ ជាថ្មីម្តងទៀត ក្រុមចារកិច្ចអាមេរិក និងកូរ៉េខាងត្បូង បរាជ័យ ក្នុងការតាមដានស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងជើង។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង បានផ្សាយថាមេដឹកនាំ គីម ជុងអ៊ុន វះកាត់បេះដូង។ ប៉ុន្តែនៅថ្ងៃទី២២ខែមេសានេះ កូរ៉េខាងត្បូងបានបញ្ជាក់ជាថ្មីថា ទាំងនោះជាពាក្យចរចាមអារ៉ាមតែប៉ុណ្ណោះ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មិនមានប្រតិកម្មអ្វី ជុំវិញការផ្សព្វផ្សាយនាពេលកន្លងមក ក៏ដូចជា មិនបញ្ជាក់ពីស្ថានភាពសុខភាព របស់មេដឹកនាំ គីម ជុងអ៊ុននោះដែរ។
សារព័ត៌មាន ជាតិកូរ៉េខាងជើងKCNA និងសារព័ត៌មានរបស់បក្សពលករកូរ៉េខាងជើង Rodong Sinmun មកដល់ថ្ងៃទី២២ខែមេសានេះបន្តរក្សាភាពស្ងៀមស្ងាត់មិនខ្វល់ពីព័ត៌មានបរទេសបានផ្សាយពីមេដឹកនាំរបស់ខ្លួនឡើយ។
ចំណែកកូរ៉េខាងត្បូង នៅថ្ងៃទី២២ខែមេសា បានបញ្ជាក់សារជាថ្មី ថាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំប្រទេសធម្មតា មិនមានការវះកាត់បេះដូចដូចពាក្យ ចរចាមអារ៉ាមនោះឡើយ។
សារព័ត៌មាម AP នៅថ្ងៃទី២២ខែមេសា បានដកស្រង់ការប្រកាស ពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់ថា មិនមានអ្វីខុសពីធម្មតានោះឡើយ គឺមេដឹកនាំគីម ជុងអ៊ុនបន្តដឹកនាំប្រទេស មិនមានបញ្ហាសុខភាពឡើយ។ ពាក្យចរចាមអារ៉ាម ថាលោកគីម ជុងអ៊ុន វះកាត់បេះដូង ក្រោយមិនបង្ហាញវត្តមានក្នុងពិធីសំខាន់ គឺថ្ងៃកំណើត អតីតមេដឹកនាំ គីម អ៊ីលស៊ុង កាលពីថ្ងៃទី១៥ខែមេសា។
នៅពេលនេះកូរ៉េខាងត្បូង បានបញ្ជាក់ថាលោក គីម ជុងអ៊ុន ទៅកាន់ទីតាំងផ្សេង ក្រៅពីទីក្រុងព្យុងយ៉ាងជាមួយសាច់ញាតិ។ លោកបានដឹកនាំប្រទេសជាធម្មតាមមិនមានអ្វីប្រែប្រួលឡើយ។
កូរ៉េខាងជើងជាប្រទេសអាថ៍កំបាំងបំផុត ហើយព័ត៌មានដែលអាមេរិក និងកូរ៉េខាងត្បូង បានផ្សាយកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា ក្រុមចារកិច្ចប្រទេសទាំងពីរ នៅតែអសមត្ថភាព ក្នុងការតាមដានស្ថានភាពនៅកូរ៉េខាងជើងដដែល៕
ដោយ៖ ធី រីណា