បាត់ដំបង៖ កម្លាំងនគរបាលក្រុងបាត់ដំបង ស្រាវជ្រាវតាមចាប់ខ្លួនបានជនសង្ស័យ២នាក់ កាលពីវលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវ បានសម្រេចនៅចំណុចឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ឡឹប ការស៊ីម ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ និងទី២-ឈ្មោះស៊ុប ម៉ាលិក ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះឈ្មោះ ឯក សារានី ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ ១-ប្រាក់ដុល្លាអាមេរិកចំនួន២០ដុល្លារ(ម្ភៃដុល្លារ) ,២-ប្រាក់ខ្មែរចំនួន ១៦០,០០០រៀល (មួយសែនប្រាំមួយម៉ឺនរៀល ) ,៣-កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ , ៤-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក , ៥-កាតATM ០១សន្លឹក , ៦-អាវយឺតដៃខ្លីពណ៌ខ្មៅដែលជនសង្ស័យធ្វើសកម្មភាព ០១ , និង៧-ម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ីយគី និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1AK 3192 ដែលជនសង្ស័យជិះធ្វើសកម្មភាព ។
ប្រភពដដែលបន្តថា នៅពេលកើតហេតុវេលាម៉ោង៨និង៣០នាទីព្រឹក ស្រ្តីរងគ្រោះបានជិះម៉ូតូម្នាក់ឯងតាមផ្លូវសុខៗ ស្រាប់តែភ្លាមនោះក៏លេចមុខជនសង្ស័យ២នាក់ បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយចំហៀងរបស់ជនរងគ្រោះបានសម្រេចហើយជិះគេចខ្លួនបាត់ ។ បន្ទាប់ពីកើតហេតុស្រ្តីរងគ្រោះបានទៅដាក់ពាក់បណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ។
ក្រោយពីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងជនរងគ្រោះ និងកំណត់មុខសញ្ញាបានហើយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ សហការជាមួយនគរបាលស្រុកសង្កែ ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នាវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃដដែល ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ សហការី