ខេត្តកណ្តាល៖ អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ករណីគំរាមកំហែងថានឹងសម្លាប់ ដោយប្រើប្រាស់អាវុធខ្លី ម៉ាក កា៥៩ ដែលករណីនេះកើតហេតុថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ម៉ោង១៩និង០៣នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ត កណ្ដាល។ បន្ទាប់ពីធ្វើសកម្មភាពបាញ់គំរាម ជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន។
ជនរងគ្រោះ២ នាក់ ឈ្មោះ សួង រិន ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញលក់អេតចាយ មានទីលំនៅភូមិ ឃុំកើតហេតុ ជាម្ចាស់ផ្ទះ និងឈ្មោះផន ផា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុ ។
ជនសង្ស័យ២នាក់ ( ឪពុក និងកូនប្រុស ) ឈ្មោះ ម៉ុន រ៉េត ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ កាន់កាំភ្លើងខ្លី k59 បានរត់គេចខ្លួនបាត់ ។ ជននេះស្នាក់នៅផ្ទះជួល ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិអន្លង់ចំណារ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងឈ្មោះ រ៉េត វីន ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ កាន់កូនកាំបិត បានរត់គេចខ្លួន ស្នាក់នៅផ្ទះជួល ភូមិ ជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មធ្យោបាយម៉ូតូ ១គ្រឿង ម៉ាកម៉េក ពណ៌ ស លាយខៀវ ផ្លាកលេខ មិនស្គាល់។ វត្ថុតាងចាប់យកសម្បកការទូស k៥៩ ចំនួន១។
នគរបាល បានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ផន ផា និងមិត្តភក្តិឈ្មោះ ចឺ ម៉ី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរនៅភូមិជាមួយ បានចេញពីផ្ទះពូបង្កើតនៅភូមិរំលេច ឃុំមិនស្គាល់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយមកចូលហូបបបរ នៅផ្ទះ ឈ្មោះអៀង សុភា (គូកំណាន់) ភេទស្រី អាយុ៣៩ឆ្នាំជនជាតិខ្មែរ (ផ្ទះជួល) មុខរបរកម្មកររោងចក្រ ហូបរួចក៏ ចេញទៅផ្ទះរបស់ខ្លួន ប៉ុន្តែមិនទាន់បានចូលផ្ទះផង ក៏ចូលទៅលេងផ្ទះរបស់ឈ្មោះសួង រិន ដែលធ្លាប់អង្គុយលេង បានមួយសន្ទុះ ស្រាប់តែជនសង្ស័យ បានជិះម៉ូតូ១គ្រឿងចូលមក ដកកាំភ្លើងខ្លីភ្ជង់លើឈ្មោះផន ផា ពេលនោះ បានប្រពន្ធម្ចាស់ផ្ទះឃាត់ថា កុំបាញ់ កុំបាញ់អី ប្រយ័ត្នត្រូវកូនរបស់ខ្ញុំ ។ ប្តីម្ចាស់ផ្ទះ ឃើញដូច្នេះ ក៏ចុះពីលើគ្រែបម្រុងរត់ទៅប្រាប់អ្នកភូមិ ជនសង្ស័យក៏រេកាំភ្លើង មកភ្ជង់ម្ចាស់ផ្ទះវិញ ពេលនោះ បានកូនប្រុសជនសង្ស័យឈ្មោះរ៉េត វីន និយាយថា អាមួយអង្គុយ ក្រោយពាក់អាវសនោះទេ ស្រឡាញ់ម៉ែអញ ជនសង្ស័យក៏ឈប់ភ្ជង់ទៅ ធ្វើឲ្យឈ្មោះសួង រិន ម្ចាស់ផ្ទះ គេចខ្លួនបានរត់ចូលក្នុងភូមិស្រែកប្រាប់អ្នកភូមិ ធ្វើឲ្យជនសង្ស័យ ភ័យក៏នាំគ្នាជិះចេញទៅ ចេញផុតបានប្រហែល២០០ទៅ៣០០ម៉ែត្រក៏បាញ់កាំភ្លើង១គ្រាប់រួចបន្ត ដំណើរទៅមុខបាត់ទៅ ។ បច្ចុប្បន្នជំនាញកំពុងកសាងឯកសារ តាមនីតិវិធីច្បាប់៕