ម៉ានីល៖ លោក ខាឡូស ដូមីងហ្គែស (Carlos Dominguez) រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានថ្លែងនៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសរបស់ខ្លួនបានបញ្ជូនសំរាម ចំនួន១៥១កុងតឺន័រ ជាប្រភេទកាកសំណល់វត្ថុធាតុដើមរបស់កូរ៉េខាងត្បូងមានទម្ងន់ ២,៦៧៦តោន ដែលត្រូវបានរក្សាទុកតាំងពីឆ្នាំ ២០១៨ មកម្ល៉េះនោះទៅឲ្យប្រទេសដើមវិញ ។
លោក រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កាកសំណល់វត្ថុធាតុដើមចំនួន ២,៦៧៦តោនខាងលើនេះ គឺជាផ្នែកមួយនៃចំនួនកាកសំណល់សរុបទាំងជាង ៥,០០០តោន ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ប្តេជ្ញាជួយដឹកជញ្ជូនយកត្រឡប់ទៅប្រទេសពួកគេវិញ បន្ទាប់ពីកាកសំណល់ទាំងនេះ ត្រូវបាននាំចូលប្រទេសហ្វីលីពីនខុសច្បាប់ កាលពីឆ្នាំ២០១៨។
កាកសំណល់ខាងលើ គឺជាប្រភេទបន្ទះស្តើងៗនៃផ្លាស្ទិចសំយោគ ត្រូវបាននាំចូលដោយខុសច្បាប់ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានមូលដ្ឋាននៅខេត្តសេប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីន។ សំរាមទាំងនោះត្រូវបានដឹកបញ្ជូនត្រឡប់ទៅប្រទេសដើមវិញចំនួន ១៥១កុងតឺន័រហើយ ដោយបានបែងចែកជាបីលើក។
គួរជម្រាបថា កាលពីឆ្នាំមុនប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានបញ្ជាឲ្យហាមឃាត់ការនាំចូល រាល់កាកសំណល់ពីប្រទេសខាងក្រៅទាំងអស់។ ការសម្រេចនេះត្រូវបានធ្វើឡើង បន្ទាប់ពីសំរាមរបស់កាណាដាចំនួន ១០៣កុងតឺន័រ ត្រូវបានដឹកបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ៕