ខេត្តតាកែវ៖ ពលរដ្ឋក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានអំពាវនាវឲ្យអាជ្ញាធរខេត្តតាកែវ ជាពិសេសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលរដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា សង្វៀនបញ្ជល់មាន់ក្នុងភូមិត្បែង បើកលេងទ្រង់ទ្រាយធំដែលក្នុងមួយថ្ងៃៗ មានបញ្ជល់មាន់ពី២០ទៅ៣០គូ ហើយក្នុងមួយគូៗមានដាក់ដើមថាន់៥០០០ដុល្លារទៅរាប់ម៉ឺនដុល្លារទៀតផង។ ប្រភពបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ក្នុងភូមិត្បែងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ គឺប្តូរមកពីកាស៊ីណូតំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ហើយមានការឃុបឃិតជាប្រព័ន្ធ។
សេចក្តីរាយការណ៍ពីប្រជពលរដ្ឋក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី បានឲ្យដឹងថា មួយរយៈកន្លងទៅនេះសង្វៀនបញ្ជល់មាន់នៅភូមិត្បែងដំណើរការយ៉ាងរលូន ព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា អភិបាលស្រុកបាទី ក៏ដូចជាអធិការនគរបាលស្រុកបាទី បានរក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រការនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ និង លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់ក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ឲ្យបានឆាប់បំផុត។
តាមការអះអារបស់ប្រជាពលរដ្ឋក្នុងភូមិត្បែងបានឲ្យដឹងថា ក្រោយពេលសង្វៀនបញ្ជល់មាន់នៅកាស៊ីណូជ្រៃធំ ត្រូវបានបិទស្រាប់តែម្ចាស់សង្វៀនបញ្ជល់មាន់នោះមកបើកនៅក្នុងមូលដ្ឋានពួកគាត់យ៉ាងរលូន ហើយមានទ្រង់ទ្រាយធំទៀតផង។ ក្នុងមួយថ្ងៃមានបញ្ជល់មាន់រាប់សិបគូ និងមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូនដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ឬកូរ៉ូណា នោះទេ ក្នុងខណៈដែលមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុកសម្ងំស្ងាត់ឈឹងតែម្តង។ សូម្បីតែលោក អ៊ូច ភា អភិបាលខេត្តតាកែវ និង លោក សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ ក៏មិនទាន់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នោះដែរបើទោះបីមានសំណូមពរពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ៕
ដោយ៖ ខ្សឹបដាក់ត្រចៀក