ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ ទោះបីជាងមួយសប្តាហ៍មកនេះ ប្រទេសកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីក្តី។
តាមរយៈ ទំព័រ FACEBOOK សម្តេចប្រធានរដ្ឋសភា បានរំលឹកពលរដ្ឋ មិនត្រូវប្រហែសនិងភ្លេចខ្លួនពីការការពារពីជំងឺនេះឡើយ។ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវថា “សូមបងប្អូន កូនក្មួយទំាងអស់ បន្តរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួន កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិរបស់យើងទៀត។ សូមបងប្អូនអនុវត្តឲ្យខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវធ្វើអនាម័យខ្លួនប្រាណជាប្រចំា ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាកុល ឬជែល ហើយពេលធ្វើដំណើរត្រូវពាក់ម៉ាស និងមិនត្រូវធ្វើការជួបជុំមនុស្សច្រើននោះឡើយ។ ហើយបើដឹងថាខ្លួនមកពីតំបន់ដែលមានការឆ្លងរីករាលដាលជំងឺនេះ ឬបានប៉ះពាល់អ្នកជំងឺនោះ សូមរក្សាខ្លួនដាច់ពីគេរយៈពេល១៤ថ្ងៃ និងបើមានបញ្ហាអ្វីមិនស្រួលសូមទាក់ទងជាបន្ទាន់ទៅកាន់លេខ១១៥”។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានបរិច្ចាគថវិកាចូលរួមជាមួយគណៈកម្មាធិការជាតិប្រយុទ្ធជំងឺកូវីដ១៩ និងបានចុះអប់រំ ផ្សព្វផ្សាយ ចែកម៉ាស អាកុល និងសម្ភារៈមួយចំនួនទៀត ដល់ពលរដ្ឋឲ្យបានយល់ដឹង និងមានមធ្យោបាយការពារពីជំងឺនេះ ហេីយក៏បានស្នេីដល់សមាជិកសមាជិការដ្ឋសភាទំាងអស់បន្តសកម្មភាពនេះទៀត ក្នុងការប្រយុទ្ធប្រឆំាងវីរុសកូរ៉ណានេះ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណផងដែរ ចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការនានាប្រកបដោយភាពម៉ឺងម៉ាត់ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺនេះទាន់ពេលវេលា។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជាបានរកឃើញអ្នកជំងឺ COVID-19 សរុបចំនួន ១២២ករណី ប៉ុន្តែបានជាសះស្បើយ ចំនួន១១០នាក់ ពោលមានន័យថាបច្ចុប្បន្ននេះ មានអ្នកជំងឺកូវីដ១៩នៅកម្ពុជា តែ ១២នាក់ប៉ុណ្ណោះ៕
ដោយ៖ សុខ ខេមរា