ប្រទេសម៉ូសំប៊ិក៖ យ៉ាងហោចណាស់អ្នកភូមិចំនួន៥២នាក់ នៅក្នុងខេត្តនៃភាគខាងជើង ប្រទេសម៉ូសំប៊ិក (Mozambique) បានស្លាប់ ដោយសារក្រុមបះបោរឥស្លាមនិយមបាញ់សម្លាប់ បន្ទាប់ពីពលរដ្ឋទាំងនោះបានបដិសេធមិនចូលក្នុងជួររបស់ពួកគេ ។
យោងតាមអ្នកនាំពាក្យប៉ូលីសលោក Orlando Modumane បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះថា “ យុវជនទាំងនោះជិតត្រូវបានគេជ្រើសរើស ប៉ុន្តែពួកគេបានប្រឆាំង ដែលបានបង្កឱ្យមានការខឹងសម្បារពីសំណាក់ក្រុមបះបោរឥស្លាម និងបានសម្លាប់មនុស្ស ៥២នាក់ កាលពីថ្ងៃទី ៧ ខែមេសា ដោយគ្មានការលើកលែងនរណាម្នាក់ឡើយ” ។
ការសម្លាប់នេះបានកើតឡើងនៅក្នុងភូមិ Xitaxi ក្នុងស្រុក Muidumbe ខេត្ត Cabo Delgado ជាកន្លែងដែលមានគម្រោងឧស្ម័នរាប់ពាន់លានដុល្លារ ដែលដឹកនាំដោយក្រុមហ៊ុនប្រេងដូចជា តូតាល់។
ដោយឡែកកាលពីថ្ងៃពុធ ទី២២ ខែមេសានេះ មេបញ្ជាការប៉ូលីសជាតិ លោក Bernardino Rafael បាននិយាយថា គ្មានផ្នែកណាមួយនៃខេត្តដែលមានបញ្ហា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមបះបោរទេ។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីមានការកើនឡើងញឹកញាប់ នៃការវាយប្រហារនៅក្នុងខេត្តមួយនេះ។
ក្រុមអ្នកវិភាគសន្តិសុខនិយាយថា ក្នុងករណីខ្លះក្រុមបះបោរបានកាន់កាប់ផ្នែកខ្លះនៃទីប្រជុំជនភូមិ ឬអគាររដ្ឋាភិបាល និងបានលើកទង់សខ្មៅ៕
ដោយ៖ ស តារា