ភ្នំពេញៈនៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោក ភីថឺ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្រ្តីការបរទេសហុងគ្រី និងក្រុមគណប្រតិភូ (Hungary) នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Peter Szijjarto បានសំដែងនូវការអបអរសាទរ ចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន ជាពិសេសនាំមកនូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ហុងគ្រី ធ្លាប់បានជួយកម្ពុជាពីមុន ហើយពេលនេះបានបើកការិយាល័យទំនាក់ទំនងពាណិជ្ជកម្មនៅកម្ពុជា និងបានចុះហត្ថលេខាជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ ជាមួយគ្នានោះ ហុងគ្រី បានបើកធនាគាដើម្បីផ្ដល់ឥណទាននៅកម្ពុជា។ ប្រទេសទាំងពីរកំពុងមានសក្តានុពលច្រើនដែលអាចសហការជាមួយគ្នាបាន ក្នុងនោះភាគីហុងគ្រីក៏មានចំណាប់អារម្មណ៍និងចង់សហការនិងជួយកម្ពុជាលើវិស័យមួយចំនួនដូចជា បច្ចេកវិទ្យានៃការគ្រប់គ្រងទឹក កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័នជាដើម ។ ចំពោះការអភិវឌ្ឍន៍ធនធានមនុ្សស ហុងគ្រីបានសន្យាបន្តផ្ដល់អាហារូបករណ៍យ៉ាងហោចណាស់ចំនួន១៥ ក្នុងមួយឆ្នាំៗដល់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន សោមនស្សរីករាយចំពោះជំនួបពិភាក្សាការងារជាមួយប្រទេសដែលជាដៃគូមិត្តចាស់។ តាមពិតហុងគ្រី បានភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាតាំងពី ឆ្នាំ១៩៦៣ មកម៉្លេះ។ ប្រទេសទាំងពីរសន្យាពង្រឹងផ្សាភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍អោយកាន់តែរីកចម្រើន ហើយបានសន្យាដើម្បីពង្រឹង និងជំរុញទំនាក់ទំនងគ្នាអោយកាន់តែល្អប្រសើររវាងប្រជាជាតិនៃប្រទេសទាំងពីរ៕ សុខ ខេមរា







