ភ្នំពេញ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៤ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា។
សូមបញ្ជាក់ថា៖ ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥២រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី៤ និងលើកទី៥ ព្រឹទ្ធសភានីតិកាលទី៤៕
ដោយ៖ សុខ ខេមរា