ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្តក្នុងល្បឿនយ៉ាងលឿនរេចង្កូតបុករ៉ឺម៉កដែលគេដាក់លក់ដូរលើចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងលក់រថយន្តលេខ៣ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត HILUX VIGO ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ AT15 2-0110 បើកបរដោយបុរសជនជាតិចិនម្នាក់ទាំងស្ថានភាពស្រវឹងស្រាជោគជាំក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីលិចទៅកើតរេពេញផ្លូវ ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករ៉ឺម៉កម៉ូតូដែលគេដាក់លក់លើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យខ្ទេចរ៉ាយប៉ាយពេញផ្លូវ សំណាងល្អមិនមានអ្នករងរបួសនោះទេ ។
ប្រភពបន្តថា បន្ទាប់ពីបង្កហេតុបុរសជនជាតិចិនបានព្យាយាមបើករត់គេច តែត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរ និងអ្នករត់ម៉ូតូឌុប ដេញតាមរហូតដល់មុខមជ្ឍមណ្ឌល គ្រឿងសង្ហារឹម និងអគ្គីសនីអេសអឹម តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ៣៦០ ទើបឃាត់បាន រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ភ្លាមនោះប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកអន្តរាគមន៍ និងធ្វើការសម្របសម្រួល ដោយភាគីខាងបុរសជនជាតិដែលបង្កចេញសងថ្លៃខូចខាត១០០០ដុល្លារបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ ចំណែកភាគីជនរងគ្រោះក៏ព្រមទទួលព្រោះមិនចង់មានរឿងវែងឆ្ងាយរំខានដល់សមត្ថកិច្ច ៕



...
ដោយ៖ ភារ៉ា ដង្កោ