ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តម៉ាកKIA ទាំងអាការៈស្រវឹងស្រាជោកជាំ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១ កែងផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញយុវជនពីរនាក់ជិះម៉ូតូបង្កម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BK-2921 ទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវ៥១ ក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-6946 ដែលបើកបរដោយភេទពី៣ មានគ្នា៤ទៅ៥នាក់ ទិសដៅពីលិចទៅកើត ដែលបញ្ច្រាសទិសគ្នា ត្រង់ចំណុចផ្លូវបំបែក បុកចំពីចំហៀងខាងមុខពេញទំហឹងបណ្ដាលឲ្យរថយន្តបែកស្ទុបផ្នែកខាងឆ្វេង រីឯម៉ូតូបង្កបានបែកកាបាំងផ្នែកខាងស្ដាំរងការខូចខាតទាំងសងខាង តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុភាគីទាំងសងខាងបានជជែកគ្នាទាំងតឹងសរសៃកដាក់គ្នាបង្កឲ្យមានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុឈរចោមរោមមើល ដោយពួកគាត់និយាយយកត្រូវរៀងខ្លួន។ ប្រហែលជាកន្លះម៉ោងក្រោយទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ដោយសារតែរថយន្តនិងម៉ូតូខូចខាតដូចគ្នា ទើបពួកគេបានសម្របសម្រួលចែកផ្លូវគ្នារៀងៗខ្លួន ដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕


...
ដោយ៖ ព្រែកជ័យ