កម្មករ-កម្មការិនី ចំនួន៦៥នាក់ បន្តមកធ្វើចត្តាឡីស័ក ដើម្បីពិនិត្យសុខភាព នៅវិទ្យាល័យឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ គិតមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលបានកម្មករ-កម្មារិនីចំនួន ៦៥នាក់ ក្នុងនោះប្រុស ៣២នាក់ មកពីរោងចក្រនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ និងមកពីបណ្តារោងចក្រផ្សេងៗក្នុងរាជធានីភ្នំពេញ ខណៈដែលទើបត្រឡប់មកពីតាមបណ្តាខេត្ត ដើម្បីធ្វើចត្តាឡីស័ក  ពិនិត្យសុខភាពពួកគាត់ទាំងអស់ ។ បន្ទាប់ពីពិនិត្យរួច ឃើញថាសុខភាពពួកគាត់ល្អត្រូវបានមន្រ្តីក្រសួងការងារចេញលិខិតបញ្ជាក់សុខភាពកម្មនិយោជិក ឲ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ដើម្បីយកលិខិតបញ្ជាក់សុខភាពនេះ ជូនដល់អាជ្ញាធរមូលដ្ឋានតាមដានបន្តទៀតរយៈពេល១៤ថ្ងៃ ។

ដោយឡែកចំពោះកម្មករ-កម្មារិនី ណាដែលមានបញ្ហាសុខភាព ត្រូវបានក្រុមការងារដាក់ឲ្យគាត់នៅដាច់ដោយឡែកពីគេ និងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត១ (នៅវិទ្យាល័យជម្ពូវ័ន) ដើម្បីតាមដានសុខភាពគាត់បន្តទៀត ។

តាមប្រភពព័ត៍មានពីមន្រ្តីមូលដ្ឋាន ដែលសហការជាមួយក្រុមការងារជំនាញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះថា ការដាក់កម្មករ-កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យនៅដាច់ដោយឡែកពីគេ ក្នុងរយៈពេល១៤ថ្ងៃនេះ គឺធ្វើឡើងដើម្បីសុខមាលភាពរបស់កម្មករ-កម្មការិនី ដែលបម្រើការនៅតាមរោងចក្រទាំងអស់គ្នា ។

មន្រ្តីដដែលបន្តថា ដូច្នេះកម្មករ-កម្មការិនីទាំងអស់ ដែលទើបត្រឡប់មកពីស្រុកកំណើតកុំមានការភ័យខ្លាចចំពោះអាជ្ញាធរអី ព្រោះរាជរដ្ឋាភិបាល យើងអត់យកទោសពៃអីទេ ការដាក់ឱ្យកម្មករ-កម្មការិនី ដាច់ដោយឡែករយៈពេល១៤ថ្ងៃនោះ គឺតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺធ្វើឡើងដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់វិធានការក្តៅចំ ពោះកម្មករ-កម្មការិនីណា ដែលឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ដោយគ្មានការអនុញ្ញាត នៅពេលវិលត្រឡប់មកវិញនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងគ្មានប្រាក់ឈ្នួល ។

ដោយក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត ដើម្បីក្រើនរំលឹកដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមអនុវត្តគោលការណ៍ ធ្វើចត្តាឡីស័ក កម្មករ-កម្មការិនី រយៈពេល១៤ថ្ងៃ ចំពោះអ្នកណា ដែលឈប់សម្រាកគ្មានច្បាប់អនុញ្ញាត្ត៕ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print