ខេត្តកំពង់ធំ៖ លោក បណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ និង ជម្រាបជូនពីរបៀបវារៈគឺ ឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងខែមេសា ឆ្នាំ២០២០ និងទិសដៅភារកិច្ចសម្រាប់រយៈពេលបន្ត និងផ្តល់់ជូនអនុសាសន៍សម្រាប់គណបក្ស ខេត្តគ្រប់ជាន់ថ្នាក់ និងក្រុមការងារគ្រប់ជាន់ថ្នាក់បន្តអនុវត្តឱ្យទទួលបានជោគជ័យ ។
បន្ទាប់មក លោក ញ៉ឹក បានខេង អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំ ការគណបក្សខេត្តកំពង់ធំ បានអញ្ជើញអានសេចក្តីព្រាង របាយការណ៍បូកសរុបលទ្ធផលការងារក្នុងខែមេសា ឆ្នាំ២០២០ និងទិសដៅភារកិច្ច ការងារសំខាន់ៗមួយចំនួនសម្រាប់អនុវត្តបន្តក្នុងខែបន្ទាប់ ។
ក្រោយការស្តាប់ដោយយកចិត្តទុកដាក់នូវសេចក្តីព្រាងរបាយការណ៍រួចមក លោក បណ្ឌិត ងួន ញ៉ិល បានអញ្ជើញសមាជិក-សមាជិការអង្គប្រជុំ មានមតិបំពេញបន្ថែម និងធ្វើការអនុម័ត ។
មុនបញ្ចប់កិច្ចប្រជុំ លោក បណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ផ្តល់អនុសាសន៍សម្រាប់គណបក្សខេត្តគ្រប់ជាន់ថ្នាក់ និងក្រុមការងារបន្តអនុវត្តដើម្បីឱ្យគណបក្ស ទទួលបានជោគជ័យគ្រប់ដំណាក់កាល ដោយលោក បណ្ឌិត បានមានប្រសាសន៍បញ្ជាក់ជូន អង្គប្រជុំអំពីអនុសាសន៍ និងគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វាយតម្លៃសភាពការណ៍ និងវិធានការណ៍ជំរុញសកម្មភាពយា៉ងសកម្មឱ្យបានទ្វេរដងដូចភ្លៀងរលឹម ដើម្បីត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ ដោយទង្វើររបស់យើងចុះជាប់ជាមួយប្រជាជន ឱ្យគាត់សប្បាយចិត្ត និងទទួលផលប្រយោជន៍ ដាច់ខាតមិនធ្វើនូវទង្វើរអ្វីដែលធ្វើឱ្យប្រជាជនមិនពេញចិត្ត ។
– ចំពោះការងារបក្ស ត្រូវចាត់តាំងបង្គ្រប់រចនាសម្ព័ន្ធនៅថ្នាក់ខេត្ត ថ្នាក់ក្រុង សង្កាត់ ឃំុ ដោយអប់រំអំពីរបៀបរបបប្រជុំ របៀបរបបចុះមូលដ្ឋាន និងរបៀបរបបធ្វើរបាយការណ៍សំុយោបល់ ។
– ត្រូវកសាងសមាជិកបក្ស ដើម្បីធានាតាមសន្ទស្សន៍ផែនការរបស់ខេត្ត និងរបស់ គ.ជ.ប ដើម្បីធានាជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។
– ត្រូវធ្វើបញ្ជីរ ក្រុមការងារគណបក្សថ្នាក់ខេត្ត ថ្នាក់កណ្តាល ថ្នាក់ស្រុក ជាបញ្ជីរមានឈ្មោះចុះទៅជួយគ្រប់ឃុំ-សង្កាត់ ។
– ចំពោះក្រុមការងារគណបក្ស និងក្រុមការងាររដ្ឋាភិបាល ត្រូវអនុវត្តតួនាទី និងភារកិច្ចដូច បានចែងក្នុងសន្និបាតគណបក្សលើកទី៤២ អណត្តិទី V ។
លោក បណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ប្រធានគណៈកម្មការប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ដែលខេត្តកំពង់ធំ មិនមានអ្នកស្លាប់ដោយជំងឺនេះទេ ។
លោក សុខ លូ បានលើកឡើងពីទឹកចិត្តសប្បុរសរបស់ លោក បណ្ឌិត ងួន ញ៉ិល បានផ្តល់សម្ភារៈប្រឆាំងមេរោគឆ្លងកូវីត-១៩ និងស្បៀងអាហារថ្វាយព្រះមេគណ និងអនុគណគ្រប់ស្រុក, ស្រុកគ្រប់ស្រុក និងបុស្តិ៍សុខភាព ។
ជាមួយនេះដែរ លោក បណ្ឌិត បានចែកជូននូវឯកសារក្រើនរំលឹក ក៏ដូចជាជំនួយស្មារតីផងដែរ មានឯកសារ ៖ លក្ខណៈសម្បត្តិ ភូមិ-ឃុំ មានសុវត្ថិភាព, សមិទ្ធិផលធំជាប្រវត្តិសាស្ត្រដែលគណបក្ស ប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជន, គោលនយោបាយអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២, របាយការណ៍ស្តីពីលទ្ធផលការងារនៃការសម្របសម្រួលការងារអ្នក សង្កេតការណ៍សង្គមស៊ីវីលជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨, ឯកសារស្តីពី Video Conference ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩ (មកពីក្រសួងការបរទេស) ផងដែរ ៕
ដោយ៖ សិលា