ខេត្តកំពត៖គួរឲ្យអាសូរណាស់ដែលបុរសមានសតិមិនគ្រប់ម្នាក់យកសាំងចំណុះ៣០លីត្រចាក់ស្រោចលើខ្លួនរួចដុតខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ហើយត្រូវបានសាច់ញាតិដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្តោលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួន សាម៉ៃ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំ ស្រុកខាងលើ ជាជនសតិមិនគ្រប់យូរមកហើយ។
តាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ខណ:ក្រុមគ្រួសារកំពុងជាប់ធ្វើការងាររៀងៗខ្លួន ស្រាប់តែជនរងគ្រោះបានលើកយកសាំងមួយប៊ីដុងចំណុះ៣០លីត្រដែលសាំងនេះទិញទុកសម្រាប់ចាក់ម៉ាស៊ីនបូបទឹកមកស្រោចលើខ្លួនប្រមាណ៣លីត្ររួចដើរទៅយកដែកកេះមកដុតខ្លួនឯង។ពេលនោះអ្នកជិតខាងឃើញទាន់ក៏នាំគ្នាស្ទុះទៅយកប៊ីដុងសាំងចេញនិងជួយពន្លត់ភ្លើងរលត់តែជនរងគ្រោះរលេះរលួយលើខ្លួនប្រាណទៅហើយ។បន្ទាប់មកក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពតភ្លាមៗដែរ៕ ដោយ៖ប្រាថ្នា