ខេត្តមណ្ឌលគិរី ៖ ភ្នាក់ងារល្បាតរបស់សហគមន៍តំបន់ការពារធម្មជាតិនៅខេត្តមណ្ឌលគិរីបានរុករកឃើញអន្ទាក់ច្រើនប្រភេទនិងបានសាយកចេញពីក្នុងព្រៃបានចំនួន២០អន្ទាក់ជាបន្តបន្ទាប់ ខណ:ដែលជនខឹលខូចលួចយកទៅដាក់យកសត្វព្រៃខុសច្បាប់។
ប្រភពពីមន្រ្តីបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថាក្នុងសប្តាហ៍ទី៣ខែមេសា នេះក្រុមល្បាតរបស់មន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតរបស់សហគមន៍តំបន់ការពារធម្មជាតិ ខេត្តបានចូលក្នុងព្រៃធម្មជាតិដោះប្រមូល និងសាយកអន្ទាក់ចំនួន២០ខ្សែ ក្នុងនោះក៏បានប្រទះឃើញសំណាកសត្វជ្រូកព្រៃចំនួន១ក្បាល ងាប់ដោយជាប់អន្ទាក់ផងដែរ។ នេះបើតាមការផ្សាយព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីកាលពីថ្ងៃទី 26 ខែមេសាឆ្នាំ 2020។
ក្នុងករណីនេះដែរមន្ត្រីឧទ្យានុរក្សបានអំពាវនាវ និងទទូចឲ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃទាំងអស់គ្នា។
ប្រជាពលរដ្ឋទាំងអស់គួរតែផ្លាស់ប្ដូរផ្នត់គំនិតពីការយាយីអាយុជីវិតសត្វព្រៃ ហើយងាកមកចូលរួមស្រឡាញ់ ការពារ និងអភិរក្សសត្វព្រៃទាំងអស់គ្នាវិញ ដ្បិតការការពារនិងអភិរក្សសត្វព្រៃ មិនមែនធ្វើដើម្បីបុគ្គលណាមួយនោះទេ គឺដើម្បីប្រជាជាតិយើងទាំងអស់គ្នានិងរក្សាការពារសត្វព្រៃឲ្យបានគង់វង្សតែប៉ុណ្ណោះ។ការស្រឡាញ់ និងការពារសត្វព្រៃនិងជីវចម្រុះ គឺជាការចូលរួមចំណែកអភិរក្សធនធានធម្មជាតិ។
យ៉ាងណាមន្ត្រីឧទ្យានុរក្សបានចាត់ទុកថា អន្ទាក់ជាអាវុធលាក់មុខដែលតាមយាយីអាយុជីវិតសត្វព្រៃឲ្យវិនាសហិនហោច និងអាចបង្កគ្រោះថ្នាក់ផងដែរដល់មន្ត្រីឧទ្យានុរក្សប្រសិនបើមិនមានការប្រុងប្រយ័ត្នពេលចុះបង្រ្កាបឬចុះទៅការពារសត្វព្រៃទេនោះ។ដោយ÷ប្រាថ្នា