ប្រទេសឥណ្ឌា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយ នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ ដោយអាជ្ញាធរសុខាភិបាលឥណ្ឌា រាយការណ៍ថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងជំងឺ COVID-19ថ្មីៗ ចំនួន ៩៧៥ករណី និងអ្នកស្លាប់ចំនួន ៤៦នាក់បន្ថែមទៀត នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ។
ក្រសួងសុខាភិបាលឥណ្ឌា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងញូដេលី) ចំនួនសរុបនៃអ្នកស្លាប់ ដោយសារជំងឺ COVID-19 ក្នុងប្រទេសបានកើនដល់ ៨៧២នាក់ហើយ»។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រៅពីករណីស្លាប់ ក៏មានដែរករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៩៧៥ករណី បន្ថែមទៀតត្រូវបានរាយការណ៍ នៅក្នុងរយៈពេលដូចគ្នានេះផងដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់ ២៧,៨៩២ករណី ដោយក្នុងនោះអ្នកជំងឺចំនួន៦,១៨៥នាក់បានជាសះស្បើយឡើងវិញ។
សូមជម្រាបថា ចាប់តាំងពីដើមទីមកម៉្លេះ ប្រទេសដែលមានចំនួនប្រជាជនជិត ១.៤ពាន់លាននាក់មួយនេះ បានចាត់វិធានការបិទប្រទេសយ៉ាងតឹងរ៉ឹងបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយបើគិតត្រឹមថ្ងៃចន្ទនេះ គឺមានរយៈពេល ៣៤ថ្ងៃជាប់ៗគ្នាមកហើយ៕ដោយ៖ស តារា