ប៉េកាំង និង​ទីក្រុងសៀង​ហៃ អនុញ្ញាតឲ្យសិស្ស​រាប់ម៉ឺន​នាក់ ចាប់ផ្ដើម​ត្រលប់​ចូល​សាលារៀន​វិញ​ហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយ​រដ្ឋាភិបាល​ចិន បានសម្រេច​បិទ​សាលារៀន​រាប់​ខែ​ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នោះ នៅ​ថ្ងៃ​២៧ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យសិស្ស​រាប់ម៉ឺន​នាក់ ចាប់ផ្ដើម​ត្រលប់​ចូល​សាលារៀន​វិញ​ហើយ​ ក្នុង​រដ្ឋធានី​ប៉េកាំងនិង​ទីក្រុង​សៀង​ហៃ ។ ការវិល​ចូលរៀន​វិញ​របស់​សិស្ស​ចិន​នេះ ធ្វើឡើង​ខណៈ​ទីក្រុង​សំខាន់ៗ​របស់​ចិន កំពុង​វិល​ត្រលប់​ទៅកាន់​សភាព​ធម្មតា​វិញ ជា​បណ្ដើរៗ​ហើយ​ ។

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP សិស្ស​ចិន​ម្នាក់ ឈ្មោះថា Meng Xianghao នៅ​វិទ្យាល័យ Chengjinglun ក្រុង​ប៉េកាំង​ បាន​និយាយថា “រូបគេ​បាន​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង​នៅ​ថ្ងៃទី​១​​ ខ្ញុំ​បាន​ទិញ​ម៉ាស់ ថង់​សំរាម និង​ឧបករណ៍​សម្លាប់​មេរោគ​ ” ។

​ចំណែក សិស្ស​វិទ្យាល័យ​អាយុ​១៨​ឆ្នាំ​ម្នាក់ទៀត ឈ្មោះថា Hang Huan និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សប្បាយចិត្ត​ពន់ពេក​។ វា​យូរណាស់​ហើយ​ចាប់តាំងពី​ខ្ញុំ​បានឃើញ​មិត្ត​រួម​ថ្នាក់​ខ្ញុំ​។ ខ្ញុំ​នឹក​ពួកគេ​ណាស់​»​។ ដោយឡែក មុនពេល​សិស្ស​អាច​ចូល​សាលារៀន​បាន ពួកគេ​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​កម្តៅ និង​បាញ់សម្លាប់​មេរោគ នៅ​ច្រកចូល​សាលា​ជាមុនសិន​។

​សិស្ស​នៅ​ប៉េកាំង​ម្នាក់​ឈ្មោះថា Xiao Shuhan បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែរ​ថា ខ្លួន​គិតថា ទម្រង់​ខ្លះ​នៃ​គម្លាត​សុវត្ថិភាព នឹង​នៅតែ​បន្ត​អនុវត្ត​ដដែល ទោះជា​មិត្ត​រួម​ថ្នាក់ និង​មិត្ត​ជិត​ស្និ​ទ្ធិ​ខ្លួន​ជួបជុំគ្នា​វិញ​ក៏ដោយ​ក្តី​។ ត្រង់ចំណុច​នេះ ក្មេងប្រុស​វ័យ​ជំទង់​រូបនេះ លើកឡើង​ដូច្នេះ​ថា​៖«​យើង​នឹង​លែង​ដាក់​ដៃ​លើ​ស្មា​គ្នា​ទៅវិញទៅមក​ទៀតហើយ​»​។​

​ទោះបី​ជោគជ័យ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ COVID-19 មួយផ្នែកធំ ចិន​នៅតែមាន​កម្រិត​ប្រកាសអាសន្ន​ខ្ពស់ ដោយ​កំណើន​ករណី​ឆ្លង​នាំចូល និង​រលក​ទី​២​នៃ​ការចម្លង​ក្នុងស្រុក​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​។ យ៉ាងណាមិញ អាជ្ញាធរ​សុខាភិបាល​ចិន នា​ថ្ងៃទី​២៦ ខែមេសាប្រកាសថា​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែលជា​កន្លែង​ផ្ទុះ​ដំបូង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) លែងមាន​អ្នកជំងឺ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ទៀតហើយ​។​

​សូមបញ្ជាក់ថា វីដេអូ​មួយ​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Beijing Daily របស់​បក្ស​ក​ម្មុយ​នី​ស្ត​ចិន នៅ​ថ្ងៃទី​២៧ ខែមេសា​នេះ បង្ហាញថាសិស្ស​វិទ្យាល័យ​ថ្នាក់​បញ្ចប់​ប្រមាណ ៤៩០០០​នាក់ អង្គុយ​ក្នុង​បន្ទប់រៀន ហើយ​ពាក់​ម៉ាស់​។ ក្នុង​វីដេអូ​នេះ គ្រូបង្រៀន​លើកឡើង​ពី​សារសំខាន់​នៃ​ការយក​ជ័យជម្នះ​លើ​ជំងឺ​រាតត្បាត COVID-19 ដោយមាន​រូបលោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅមុខ​កញ្ចក់​ទូរទស្សន៍​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print