ភ្នំពេញ៖ដោយសារកូវីដ ១៩ បានធ្វើឲ្យវិស័យកាត់ដេរនៅកម្ពុជាជួបប្រទះវិបត្តិយ៉ាងខ្លាំងដែលគិតត្រីមាសទី១ ឆ្នាំ ២០២០ នេះការនាំចេញសម្លៀកបំពាក់បាន ធា្លក់ចុះប្រមាណពី ៥០ ទៅ ៦០ ភាគរយបើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១៩ និង រោងចក្រប្រមាណ១៣០ បានដាក់ពាក្យសុំព្យូរការងារដែលប៉ះពាល់ ដល់ការងាររបស់កម្មករ និយោជិត ប្រមាណ១០ ម៉ឺននាក់ ។ នេះបើយោងទៅលើការបញ្ជាក់របស់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈនាល្ងាចថ្ងៃទី ២៧ ខែមេសា នៅក្នុងសន្និសីទកាសែតស្តីពី «បច្ចុប្បន្នភាពនៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្របន្ទាប់ពីឈប់សម្រាក អំឡុងពេលបុណ្យចូលឆ្នាំហើយត្រឡប់ចូលបម្រើការងារវិញ»ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។
លោក អ្នកនាំពាក្យថ្លែងថា៖ប្រទេសកម្ពុជាដែលជាប្រទេសផលិតសំលៀកបំពាក់នាំចេញក៏ដូចជាប្រទេសដទៃផ្សេងទៀតនៅលើពិភពលោក នៅពេលដែលប្រទេសនៅអឺរ៉ុបនិងអាម៉េរិកបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ប្រទេសជាច្រើនបានបិទប្រទេស បិទទីក្រុង បិទចរាចរណ៍ធ្វើឲ្យតម្រូវ ការប្រើប្រាស់ សម្លៀកបំពាក់ ឬ ស្បែកជើងឬកាបូបក៏ដូចជាផលិតផលដទៃទៀតត្រូវបានកាត់បន្ថយជាកំហុគផងដែរ ។ តាមរយៈនៃការធ្លាក់ចុះនៃតម្រូវការ ទីផ្សាររបស់យើងនេះធ្វើឲ្យរោងចក្រផ្នែកកាត់ដេរនិងស្បែកជើងបានដាក់ពាក្យស្នើសុំព្យួរការងារដែលគិតមកដល់ពេលនេះមានរោងចក្រជាង ១៣០ និងមាន បងប្អូនកម្មករនិយោជិតជិត ១០ ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីការភ្ជួរនេះ ។ បើតាមលោក ហេង សួរ តាមពិតទៅរោងចក្រដែលសុំព្យួរការងារនេះភាគ ច្រើនគឺសុំបីតរោងចក្រតែម្តងក៏ប៉ុន្តែដោយការសម្របសម្រួលពីរាជរដ្ឋាភិបាលនិងការដាក់ចេញនូវវិធានជាបន្តបន្ទាប់ដើម្បីរក្សាការងាររបស់កម្មករនិយោជិត រោងចក្រទាំងនោះបានយល់ព្រមត្រឹមព្យូរការងារដើម្បីរក្សាការងារនិងប្រាក់ចំណូលខ្លះដល់កម្មករ និយោជិត ។
ពាក់ព័ន្ធការនាំចេញសម្លៀកបំពាក់,ស្បែកជើងនិងសម្ភារៈធ្វើដំណើរគិតត្រឹមត្រីមាសទី១កម្ពុជានៅនាំចេញសម្លៀកបំពាក់និងស្បែកជើងនៅរក្សាបានប្រមាណ ៨០ ភាគរយបើធៀបឆ្នាំ ២០១៩ ។ ព្រោះដោយសារថានៅពាក់កណ្តាលខែមករាស្ថាបភាពកូវីដ១៩ មិនទាន់អាក្រក់ណាស់ណានោះទេនៅអឺរ៉ុប និង អាមេរិក នៅចុងខែកុម្ភៈទើបមានសញ្ញាប៉ះពាល់ដោយសារជំងឺកូវីដ១៩ មកដល់ខែមិនាទើបមានការបិទការនាំចេញ ទោះបីរោងចក្រនៅកម្ពុជានៅតែដំណើរ ការផលិតក៏ដោយឬផលិតនូវផលិតផលរួចហើយក៏ដោយ ក៏អ្នកបញ្ជាទិញទាំងនោះសុំឲ្យរក្សាទុកនៅកម្ពុជាសិន ព្រោះទោះបីដឹកទៅក៏គ្មានអ្នកទិញដែរ ។ នេះបើយោងតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ។
លោក ហេង សួរ បានឲ្យដឹងទៀតថាតាមរយៈនៃការសម្របសម្រួលនេះអ្នកបញ្ជាទិញខ្លះបានសុខចិត្តបន្តបង់ថ្លៃនូវអ្វីដែលជាផលិតផលរួចហើយ។ ប៉ុន្តែអ្នក បញ្ជាទិញមិនបន្ថែមវត្ថុធាតុដើម និង ដាក់ការបញ្ជាទិញបន្ថែមនោះទេ ទើបធ្វើឱ្យខែ ៤ ខែ ៥ និង ខែ៦នេះអ្នកបញ្ជាទិញគឺមិនទាន់ហ៊ានដាក់ចំនួនតួលេខ ណាមួយនោះទេ។ក៏ប៉ុន្តែក្រណាត់ដែលនាំចូលមកហើយគឺរោងចក្រមួយចំនួនដែលមានឃ្លាំងទំហំធំគឺសុខចិត្តបន្តដេរពិសេសសំលៀកបំពាក់ផ្នែកកម្មកីឡា ព្រោះផ្នែកនេះមិនសូវជាដូរម៉ូតប៉ុន្មាននោះទេ ។ ដូចនេះត្រីមាសទីពីរនេះគឺយើងជួបផលប៉ះពាល់ប្រមាណ ៥០ ទៅ ៦០ ភាគរយបើធៀបឆ្នាំ២០១៩ ។
លោក ហេង សួរ បានបញ្ជាក់ផងដែរថាចាប់ពីថ្ងៃក្រោយចូលឆ្នាំខ្មែររហូតមកដល់ថ្ងៃទី ២៧ ខែមេសាគឺមានរោងចក្រចំនួន ១០ដែលទទួលបានការអនុញ្ញាតពីក្រសួងសម្រាប់ព្យួរការងារដោយសារតែបញ្ហាកូវីដ-១៩ ដូច្នេះគឺនឹងមានកម្មករប្រមាណជាង៦០០០នាក់នឹងត្រូវព្យួរការងារបណ្តោះអាសន្នដូច្នេះក្នុងអំឡុង ពេលព្យួរការងារនេះកម្មករកាត់ដេរទទួលបានប្រាក់ខែ១ចំនួនដោយរាជរដ្ឋាភិបាលចេញ ៤០ ដុល្លារ និង ពីម្ចាស់រោងចក្រ ៣០ ដុល្លារសរុប ៧០ ដុល្លារ។
លោក ហេង សួរ ក៏បានស្នើឲ្យកម្មករ និយោជិត ដែលព្យួរការងារនេះដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះត្រូវផ្តល់លេខអត្តសញ្ញាណបណ្ណនិងលេខទូរស័ព្ទត្រឹមត្រូវដើម្បីឲ្យរដ្ឋបាលរោងចក្រធ្វើបញ្ជីជូនទៅធនាគារវីង ដើម្បីវេរលុយឲ្យទៅបងប្អូនកម្មករ … ដូច្នេះបើអាចសូមបងប្អូនកម្មករផ្តល់លេខទូរ ស័ព្ទដែលត្រឹមត្រូវកុំឲ្យលេខខុសបើឲ្យលេខខុសគឺគាត់មិនអាចទៅបើកប្រាក់ឧបត្ថមនោះទេព្រោះបើសិនគេទាក់ទងគាត់មិនបានអញ្ចឹងមិនដឹងថាទៅបើកលុយនៅឯណាទេ ។ លោកបានអំពាវនាវថាពេលវេលានេះសូមបងប្អូនកម្មករមេត្តាកុំឧស្សាហ៍ប្តូរលេខទូរស័ព្ទពេក ៕