អាមេរិក៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងប្រទេសមួយចំនួនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកបានឡើងគម្រោង ប្តឹងទារសំណងជាច្រើនពីប្រទេសចិន ដោយសារតែទុកឲ្យកូវីដ១៩ ឆ្លងរាលដាលពេញពិភពលោក ។
ពេលដំបូង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកសរសើដល់ចិន ពីយុទ្ធសស្ត្រទប់ស្កាត់កូវីដបានយ៉ាងល្អ ហើយការលើកសរសើរនោះមានដល់ទៅ៣៧លើក តាំងពីខែមករាដល់ថ្ងៃទី១ខែមេសា។ ប៉ុន្តែក្រោយអាមេរិកឆ្លងកូវីដ១៩ច្រើន លោកក៏បានងាកទៅវាយប្រហារចិន និងអង្គការសុខភាពពិភពលោក។
មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ បានលើកឡើងពីគម្រោង ទាមទារសំណងពីប្រទេសចិន ពាក់ព័ន្ធកូវីដ១៩។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ទាមទារប៉ុន្មាននោះឡើយ។
សារព័ត៌មានCNN នៅថ្ងៃទី២៨ខេមេសា បានដកស្រង់សម្តីលោកត្រាំ ប្រកាសនៅក្នុងសន្និសីទកាសែត នៅសេតវិមាន ថា«យើងមិនពេញចិត្តនឹងចិន យើងមិនពេញចិត្តនឹងស្ថានភាពរួម ដោយសារតែយើង ជឿទៅលើចិនថាកូវីដ១៩ ត្រូវបានទប់ស្កាត់នៅប្រទេសចិន មិនរីកសាយភាយលើពិភពលោក»។
អាមេរិកជាប្រទេសដែលរងការខាតបង់ច្រើនជាងគេ ដោយកូវីដ១៩។ មកទល់ពេលនេះអាមេរិកមានអ្នកឆ្លងជាង១លាននាក់ ហើយ ក្នុងចំណោមអ្នកឆ្លង ជាង៣លានាក់នៅលើពិភពលោក។ ចំណែកអ្នកស្លាប់វិញ ក៏បានកើនឡើងជាង៥៦ពាន់នាក់ផងដែរ៕
ដោយ៖ ធី រីណា