ខេត្តមណ្ឌលគិរី៖ លោករដ្ឋមន្ត្រី សាយ សំអាល់ រួមនឹងមន្ត្រីជំនាញនៃក្រសួងបរិស្ថាននិងលោក ស្វាយ សំអាង អភិបាលនៃគណៈអភិបាលខេត្តរួមនឹងអាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរីដោយមានការចូលរួមពីអង្គការដៃគូផងនោះបានចុះ ពិនិត្យលើការងារការពារនិងអភិរក្សតំបន់ដែនជម្រក សត្វព្រៃកែវសីម៉ា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនៅថ្ងៃទី២៧ និងទី២៨ ខែមេសា ឆ្នាំ ២០២០។
លោក សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះដែន ជម្រកសត្វព្រៃកែវសីម៉ាដែលមានប្រព័ន្ធអេកូឡូស៊ីសម្បូណ៌បែបក្នុងនោះប្រភេទសត្វកម្រ និងប្រភេទសត្វជិតផុតពូជនៅលើពិភពលោកចំនួន ៦០ ប្រភេទដូចជាសត្វស្វាព្រាមជាដើម និងមានប្រភេទសត្វ ២៥ ប្រភេទដែលស៊ីសាច់ជាអាហាររួមមានសត្វខ្លា ជាពិសេសជាងនេះ ដែនជម្រកសត្វព្រៃកែវសីម៉ាជាកន្លែងតែមួយគត់នៅលើពិភពលោកដែលមាននិងមានឆ្មាចំនួន ៧ ប្រភេទ ហើយក៏ជាទីកន្លែងសម្រាប់ការងារអភិរក្សអន្តរជាតិលើប្រភេទសត្វដំរីអាស៊ីផងដែរ។
លោក រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណមន្ត្រីឧទ្យានុរក្ស និងអង្គការអភិរក្សសត្វព្រៃ WCS ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ខិតខំប្រឹងប្រែងចុះល្បាតការពារធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់និង បង្ក្រាបបទល្មើសលួចកាប់បំផ្លាញព្រៃឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុស្បាប់ និងការបរបាញ់សត្វព្រៃខសច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សដើម្បីកម្ពុជាលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដីតាមរយៈការលក់ ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅគាំពារលើការងារអភិរក្ស និងការបង្កើតសដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុង ដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកា សរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការ ពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។ ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែរ។ លោក រដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។ លោក រដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។ រហូតមកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៩ សហគមន៍ ហើយបាននិងកំពុងចូលរួមជាមួយមន្ត្រីឧទ្យានុរក្សអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានា។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមាន ទិសដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មក ហើយរបស់ប្រជាបលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ ជាមួយគ្នានេះ លោក រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មីពីការតាំងចិត្តរបស់ក្រសួងបរិស្ថានចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីកម្ពុជានៅត្រឹមឆ្នាំ ២០២៥ និងលុបបំបាត់ឱ្យអស់នូវជំងឺឆ្លងផ្សេងទៀតឱ្យអស់ពីតំបន់ការពារធម្មជាតិដោយសហការជាមួយក្រសួងសុខាភិបាលចែកមុងជ្រលក់ ថ្នាំការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំការពារផ្សេងៗទៀត ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយពីការការ ពារខ្លួនពីជំងឺ ក៏ដូចជាការសម្អាតអនាម័យបរិស្ថានជាដើមដើម្បីផាសុកភាពសម្រាប់ការរស់នៅ៕
ដោយ៖ សិលា