ភ្នំពេញ ៖ សម្លាប់ស្ត្រីរោងចក្រមិនបានប៉ុន្មានម៉ោងផង ឃាតក ពិតជាឈាមស្រែកស្បែកហៅ មែន គឺគេចមិនរួចពីបាបកម្ម នរក ដ៏តន់ហន់មែន..! ទីបំផុត.. ឃាតក ជាជនដៃដល់ដែលប៉ងរំលោភស្រ្តីត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានហេីយ។
អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានអោយដឹងថា៖ បន្ទាប់ពីទទួលដំណឹងថា មាននារីម្នាក់ត្រូវគេសម្លាប់ ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នោះ ហើយក៏មានការបញ្ជាពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបាន ស្រាវ ក្តោបមុខសញ្ញានេះ តាមរយៈដឹកនាំកម្លាំងជំនាញ ប្រមាញ់ គ្រប់រូបភាពនៃការងារជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យជាឃាតក បានតែម្តង។
លោក អធិការបានប្រាប់ថា៖ ស្ត្រីជាជនរងគ្រោះមាន ឈ្មោះ ស៊ាត ស៊ន អាយុ ២៨ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយនារីរងគ្រោះខាងលើរូបនេះ គឺត្រូវបានជនដៃដល់វាយនិងយកកាំបិតចាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងរូបភាពស្រាតអស់ផ្នែកខាងក្រោម។
សូមបញ្ជាក់ថា៖ អំពើឃាតកម្មនេះកើតឡើង នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ដោយ៖ សិលា