COVID-19 បានសម្លាប់ប្រជាជន​អាមេរិក​ ច្រើន​ជាង​ចំនួន​ទាហាន​អាមេរិក​​ដែល​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម​ទៅទៀត

ចែករំលែក៖

វ៉ាស៊ីនតោន៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ តាមការចេញផ្សាយដោយ​សារព័ត៌មាន CNBC បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនលើសចំនួនកងទ័ពអាមេរិកដែលបានពលីជីវិត កាលពីសម័យសង្រ្គាមវៀតណាមទៅទៀត ។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​សាធារណៈ​របស់​អាមេរិក​ ព្រមាន​ថា ចំនួន​អ្នក​ឆ្លង​ពិតប្រាកដ​ អាចមាន​ច្រើនជាង​នេះ ព្រោះ​ការធ្វើ​តេស្ត​នៅមានកម្រិត​ ដោយសារ​ខ្វះ​អ្នកជំនាញ និង​ឧបករណ៍​។​

យោងតាមមជ្ឈមណ្ឌលឯកសារជាតិអាមេរិក បញ្ជាក់ថា កងទ័ពអាមេរិកសរុប ៥៨,២២០នាក់​ បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមវៀតណាមដែលបានចាប់ផ្ដើមពីឆ្នាំ១៩៥៥ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥ ។ ប៉ុន្តែគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជំងឺរាតត្បាតសកល COVID-19 បានផ្ដាច់ជីវិតប្រជាជនអាមេរិក​ច្រើនជាងចំនួនកងទ័ពអាមេរិក ដែលបានស្លាប់នៅក្នុងសង្រ្គាមវៀតណាមទៅទៀតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះផ្ទុះឡើង នៅក្នុងសហរដ្ឋអាមេរិក ដំបូងកាលពីខែមករាមក ។

បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ៥៩,២៦៦នាក់ ក្នុងចំណោមករណីឆ្លងលើស ១លានករណីខណៈចំនួនអ្នកជាសះស្បើយឡើងវិញមានសរុប ១៤១,២៣៨នាក់។ នេះបើតាមគេហទំព័រ worldometers ។

តាមគម្រោងព្យាករណ៍របសសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចនឹងកើនឡើងដល់លើស ៧៤,០០០នាក់នៅខែសីហា ឆ្នាំ២០២០ ហើយចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ ប្រសិនបើរដ្ឋនានារបស់សហរដ្ឋអាមេរិក បើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួន​ឆាប់រហ័សពេក ។

សូមជម្រាបថា រដ្ឋ​ញូវយ៉ក ដែលជា​កន្លែង​ផ្ទុះ​ជំងឺ COVID-19 ខ្លាំងក្លា​មួយ​នៅ​អាមេរិក មាន​ករណី​ឆ្លង ៣០​ភាគរយ ​នៃ​ករណី COVID-19 ទាំងអស់​នៅ​អាមេរិក​។ ខណៈរដ្ឋ​មួយចំនួនទៀត​ ក៏មាន​ចំនួន​ច្រើន​ដែរ ​ដូចជា​រដ្ឋ​ញូ​វ​ជឺ​ស៊ី រដ្ឋ​ម៉ាសាឈូសេត រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នី​ជាដើម​ ៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print