មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី​ទាំង២​នាក់​ ល្មើស​បម្រាម​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​COVID-19

ចែករំលែក៖

ប្រទេសម៉ាឡេស៉ី៖ លោក Azmi Ghazali អនុរដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី និង​លោក Razman Zakaria  សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​រដ្ឋ Perak កាលពីថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២០ ត្រូវបាន​តុលាការ​រក​ឃើញ​មានទោស​កំហុស ​ល្មើសបទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO) របស់​ប្រទេស ​។ នេះ​បើតាមការចេញផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama​។

​មន្ត្រីជាន់ខ្ពស់​របស់​ម៉ាឡេស៊ី​ទាំងពីរ​នាក់​នេះ ត្រូវ​សម្រេច​ចោទប្រកាន់​ ពីបទ​ល្មើស​បម្រាម​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​ឆ្នាំ​២០២០ ដែល​អាច​ជាប់គុក​មិន​ឲ្យ​លើសពី​៦​ខែ ឬ​ប្រាក់​ពិន័យ​២២៨​ដុល្លារ ឬ​ទាំងពីរ​។ ​

​បើតាម​ប្រភពព័ត៌មាន​ដដែល អ្នក​ទាំងពីរ​នេះ ត្រូវបាន​ថតរូប​រួមគ្នា ដោយ​កំពុង​បរិភោគ​អាហារ ​ជាមួយ​មនុស្ស​មួយក្រុម​នៅ​សាលា​សាសនា​មួយ​ ក្នុង​រដ្ឋ Perak កាលពី​ថ្ងៃទី​១៨ ខែមេសា បន្ទាប់ពី​លោក​អនុរដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី ​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ​មួយកន្លែង​នៅ​ទីនោះ​។​

​រូបភាព​ទាំងនេះ ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​អនុរដ្ឋមន្ត្រី Azmi ហើយ​ក្រោយមក​ត្រូវបាន​លុបចោល​វិញ​។ ទង្វើ​នេះ គឺ​ល្មើ​សនឹង​បទបញ្ជា​បិទ​ប្រទេស ​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​បានដាក់​ចេញ រួមមាន បម្រាម​ការប្រមូលផ្ដុំ​សាធារណៈ ក៏ដូចជា​ផ្អាក​ការធ្វើដំណើរ​ ​ទាំង​ក្នុងប្រទេស​និង​អន្តរជាតិ ជាដើម ក្នុង​គោលដៅ​ទប់ស្កាត់ COVID-19 ។ ការអនុវត្ត​ចំណាត់ការ​នេះ បាន​ចូល​ធរមាន​តាំងពី​ថ្ងៃទី​១៨ខែមីនា និង​បាន​ពន្យារពេល​៣​ដង​ហើយ ពោលគឺ​នឹង​បញ្ចប់​នា​ថ្ងៃទី​១២ ខែឧសភា​ខាងមុខ​។​

​ទោះជា​បែបនេះ​ក្តី អនុរដ្ឋមន្ត្រី​សុខាភិបាល លោក Azmi Ghazali នាពេល​ថ្មីៗ​នេះ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ​ចំពោះ​រឿងហេតុ​អកុសល​នេះ​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក បញ្ជាក់ទៀតថា លោក​គោរព​ដឹងគុណ​ ដល់​ការលះបង់​របស់​ក្រុម​ជួរមុខ ដូចជា ប៉ូលិស កងកម្លាំង​យោធា បុ​គ្គលិក​សុខាភិបាល និង​ភ្នាក់ងារ​រដ្ឋាភិបាល​ដទៃ​ទៀត ដែល​ប្រឹងប្រែង​ក្នុង​បុព្វហេតុ​ប្រឆាំង​COVID-19​។​

​យោងតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន COVID-19 នៅ​ទូទាំង​ពិភពលោក បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសានេះប្រទេស​ម៉ាឡេស៊ី មាន​ករណី​ឆ្លង​សរុប ៥,៨៥១​ករណី ក្នុងនោះ​អ្នកជំងឺ​៤,០៣២​នាក់​ជាសះស្បើយ​។ អ្នកស្លាប់​ដោយសារ​ COVID-19​ សរុប​មាន​១០០​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​ ៣៦​ករណី​ ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print