ប្រធានាធិបតីបារាំង លោក Emmanuel Macron ចង់ឱ្យលីបាល់ទាត់ធំៗនៅអឺរ៉ុប រំសាយចោលដូចលីគបារាំងដែរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគ Covid-19 ដែលកំពុងរាលដាលខ្លាំងជាងគេក្នុងប្រទេសនៅអឺរ៉ុប។
រដ្ឋាភិបាលបារាំងបានប្រកាសផ្អាកការប្រកួតកីឡាទាំងអស់រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ដោយសារតែមានការណែនាំបែបនេះហើយ ទើបបានជាលីគកំពូលបារាំង និងលីគលំដាប់ទី២ បានប្រកាសរំសាយការប្រកួតចោលតែម្ដងសម្រាប់រដូវកាលនេះ។ នេះបើតាមការប្រកាសកាលពីថ្ងៃអង្គារ ។
លោក Emmanuel Macron ចង់ឃើញលីកដទៃទៀតរំសាយចោលផងដែរ។ លោក ចង់ឃើញប្រទេសអាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ចូលរួមទប់ស្កាត់មេរោគ Covid-19 ដោយរំសាយលីគរដូវកាលនេះចោល។ លោកបានឱ្យក្រុមការងារទៅចូលរួមប្រជុំជាមួយប្រទេសនានា ដើម្បីប្រាប់ពីហេតុផលដែលចង់រំសាយលីកចោលរដូវកាលនេះ។
សូមបញ្ជាក់ថា លីកកំពូលៗនៅអឺរ៉ុបមានតែលីកកំពូលបារាំងមួយទេដែលប្រកាសរំសាយចោលទាំងស្រុងមុនគេនៅរដូវ កាល២០១៩-២០២០។ បច្ចុប្បន្នលីកកំពូលៗមួយចំនួនដូចជា អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញជាដើម កំពុងប្រកាសពន្យារពេលនៅឡើយ ដោយមិនទាន់មានចេញសេចក្តីប្រកាសថារំសាយទាំងស្រុងនៅឡើយទេ ៕
ដោយ៖ ធី រីណា