ប្រទេសថៃ៖ ផលិតផលកសិកម្ម ដូចជាបន្លែផ្លែឈើ ជាដើម មិនអាចរក្សាទុកបានយូរឡើយ ហើយដល់ពេលប្រមូលផលទៀត។ កសិករថៃពិបាករកទីផ្សារ ដោយសារតែការបិទប្រទេស នឹងការលក់ដូរមួយចំនួនធំត្រូវបានផ្អាកដោយសារតែកូវីដ ១៩។ ទាំងនោះហើយធ្វើឲ្យផលដំណាំទាំងឡាយរកទីផ្សារមិនបាន។
កសិករថៃក៏បានអំពាវនាវដល់រដ្ឋាភិបាលជួយអន្តរគមន៍ ដើម្បីកាត់បន្ថយការខាតបង់។ រដ្ឋាភិបាលក៏បានវិធានការ ដោយឲ្យកងទ័ព ដើរប្រូលទិញផលិតផលកសិកម្មរបស់ពលរដ្ឋ ជាការជួយសម្រាលបន្ទុក នូវការខាតបង់របស់ពួកគាត់ ដោយមិនចាំបាច់ដឹកទៅកាន់ទីផ្សារ។
សារព័ត៌មាន the nation របស់ថៃបានផ្សាយថា ស្ថិតក្នុងស្ថានភាព នៃការរាតត្បាតពីវីរុស កូវីដ១៩នេះ ប្រជាកសិករក៏កំពុងតែរងទុក្ខយ៉ាងខ្លាំង ក្រោយការបិទប្រទេស។ ជាមួយគ្នានេះ កងទ័ពភូមិន្ទថៃបាននាំគ្នាទិញកសិផលទាំងនោះ យកទៅចែកចាយ នៅតាមមូលដ្ឋានកងទ័ព ដើម្បីជាការជួយសម្រាលបន្ទុក ខាតបង់របស់កសិករ។ លោក Apirat Kongsompong នាយអគ្គសេនាធិការភូមិន្ទថៃ បានបញ្ជាឲ្យកងទ័ពគ្រប់កងពល នៅទូទាំងប្រទេសថៃ ត្រូវតែនាំគ្នាជួយទិញកសិផលពីកសិករ ដោយមិនចាំបាច់ឲ្យពួកគាត់ដឹកជញ្ជូនផលដំណាំទាំងនោះទៅកាន់ទីផ្សារនោះឡើយ។
ថៃបានបន្ដបិទប្រទេស រយ:ពេលមួយខែទៀត ខ្លាចកូវីដ១៩ ឆ្លងរាលដាលខ្លាំង ។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ក៏បានសុំឲ្យប្រជាពលរដ្ឋរបស់ខ្លួន មេត្ដាអត់ធ្មត់បន្ដិចទៀត ស្ថានភាពនឹងប្រសើរឡើងវិញហើយ៕
ដោយ៖ ធី រីណា