ថ្ងៃដំបូង!សមត្ថកិច្ចឃាត់ ម៉ូតូ និងរថយន្ដសរុបជិត ១,០០០គ្រឿង ដែលល្មើសនឹងច្បាប់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍បឋមរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងនៅវេលាថ្ងៃត្រង់ ថ្ងៃទី០១ខែឧសភា ឆ្នាំ២០២០នេះថា គឺគិតត្រឹមម៉ោង០៧ព្រឹក ដល់ម៉ោង១០ព្រឹក ជាយុទ្ធនាការថ្ងៃដំបូង នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយបង្កើនចំនួនទឹកប្រាក់ នៃការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ជាក់ស្តែងចំនួនម៉ូតូ និងរថយន្ដដែលសមត្ថកិច្ចធ្វើការឃាត់ ក្នុងនោះមានម៉ូតូ ៩០០គ្រឿង និងរថយន្ដ ៨០គ្រឿង ល្មើសច្បាប់ចរាចរណ៍

របាយការណ៍ដដែល បានបង្ហាញថា ម៉ូតូចំនួន ៩០០គ្រឿង អំពើល្មើសរួមមាន៖ អត់មួក៨៤៥គ្រឿង, អត់ផ្លាកលេខ ៨គ្រឿង និងល្មើសសញ្ញាចរាចរ ចំនួន៤៧គ្រឿង។ រថយន្តសរុបចំនួន ៨០គ្រឿង អំពើល្មើសរួមមាន៖ អត់ពាក់ខ្សែក្រវ៉ាត់ ៦៣គ្រឿង, បញ្ច្រាស់ទិស ៧គ្រឿង, អត់លេខ២គ្រឿង, និយាយទូរស័ព្ទ ២គ្រឿង, អត់ប័ណ្ណសំគាល់យាន ១គ្រឿង, ល្មើសសញ្ញាចរាចរ ៣គ្រឿង និងដឹកសំពីងសំពោង ២គ្រឿង។

សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង។

វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។

មុននឹងចាប់ផ្តើមអនុវត្តន៍នូវការរឹតបន្តឹងច្បាប់នេះ មន្ត្រីនគរបាលចរាចរណ៍បានធ្វើការផ្សព្វផ្សាយអស់ពេលមួយរយៈកន្លងមកហើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print