ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អ្នកសារព៌ត៌មាននៅព្រឹកថ្ងៃទី២ខែឧសភានេះថា កម្លាំងរបស់លោកកំពុងតាមស្រាវជ្រាវចាប់មេខ្លោងគ្រឿងញៀននិងបក្ខពួកមួយចំនួនទៀតដែលកំពុងគេចខ្លួន បន្ទាប់ពីបង្រ្កាបបានមួយករណីកាលពីម្សិលមិញ។
លោកស្នងការរងបញ្ជាក់ថា នៅថ្ងៃទី១ខែឧសភា ម្សិលមិញរូបលោក និងលោកវរសេនីយ៍ ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញ ដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្តែង។
ប្រតិបត្តិការនេះត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចភូមិអន្លង់កោង ឃុំឈើទាល និងភូមិថ្មី ឃុំកន្ទឺ១ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៣និង៤០នាទីរសៀល រហូតដល់ម៉ោង៥និង២០នាទី ល្ងាចទើបបញ្ចប់ប្រតិបត្តិការដោយជោគជ័យ ។
ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួនបានមាន៖ ១-ឈ្មោះ រ៉េត សុភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្រុមទី០១ ភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ២-ឈ្មោះ យូ ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅ ភូមិទួលតាឯក សង្កាត់អូតាគាំ២ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង និង៣-ឈ្មោះ យន់ ភារុណ (ហៅនួន) ភេទប្រុសអាយុ ២៩ឆ្នាំ រស់នៅភូមិអណ្តូងកន្ទួត ឃុំដូនបា ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ។
រីឯវត្ថុតាងដកហូតបានរួមមាន៖ ទី១-ថ្នាំញៀន ប្រភេទ មេតាំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ធំ មានទម្ងន់១.៩៥គីឡូក្រាម ទី២-រថយន្ត១គ្រឿងម៉ាក Priusពណ៌ សពាក់ស្លាកលេខភ្នំពេញ 2AL.1812 ទី៣-ម៉ូតូ១គ្រឿងម៉ាកហុងដា Click ពណ៌ផ្ទៃមេឃគ្មានស្លាកលេខស៊េរីឆ្នាំ២០២០ទី ៤-ទូរស័ព្ទដៃចំនួន៣គ្រឿងនិងទី ៥-ប្រាក់ចំនួន៥០ម៉ឺនរៀល។
លោកស្នងការរងអះអាងទៀតថា
ក្រៅពីឃាត់ខ្លួនជនសង្ស័យ៣នាក់នេះនៅមានមេខ្លោងជួញដូរនិងបក្ខពួកមួយចំនួនទៀតពាក់ព័ន្ធករណីនេះកំពុងតាមចាប់ខ្លួន។
យ៉ាងណាជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានរួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកនេះ៕ដោយ៖ ប្រាថ្នា