ខេត្តកំពង់ឆ្នាំង៖ សត្វគោចំនួន៥ក្បាលត្រូវបានរកឃើញវិញ និងបក្ខពួកចោរម្នាក់ក្នុងចំណោម២នាក់ត្រូវសមត្ថកិច្ចចាប់បានក្នុងពេល ជនសង្ស័យនេះធ្វើសកម្មភាពលួចទាក់គោប្រជាពលរដ្ឋ នៅវេលាម៉ោង៣ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចព្រៃស្តុកតានិច ក្នុងភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស។
សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានអោយដឹងថា ជនសង្ស័យដែលជាចោរលួចគោរូបនេះមានឈ្មោះ តាំ ទើ អាយុ៤៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិស្រែចាន ឃុំទួលខ្ពស់ស្រុកទឹកផុស ជាមុខសញ្ញាចោរកម្មក្នុងបញ្ជីខ្មៅ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចសត្វគោរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ដោយនៅព្រឹកថ្ងៃកើតហេតុនោះរូបគេ ត្រូវបានបក្ខពួករបស់ខ្លួនដឹកតាមម៉ូតូឌុបយកទម្លាក់នៅមូលដ្ឋាននេះ ហៅថាស្តុកតានិច ដើម្បីលួចគោដឹកតាមរថយន្តយកទៅលក់នៅខេត្តកំពង់ស្ពឺ។
ជនសង្ស័យបានប្រាប់ទៀតថា គេលួចគៀងគោបាន៥ក្បាល គឺគោញី៤ក្បាល និងគោឈ្មោល១ក្បាល ចេញពីហ្វូងគោជាច្រើនក្បាលទៀតដែលម្ចាស់គេលែងចោលអោយស៊ីស្មៅនៅក្នុងព្រៃ ។ ក្រោយពីលួចបានសត្វគោទាំងនេះ ជនសង្ស័យបានទំនាក់ទំនងតាមទូរស័ព្ទ ហៅបក្ខពួកខ្លួនអោយយកឡានមកយក ។ តែពេលនោះក៏ត្រូវប្រជាការពារ និងប្រជាពលរដ្ឋ ឃើញមុនឡានមកដល់ ក៏នាំគ្នាព័ទ្ធចាប់ខ្លួនគេបានតែម្តង ។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន គឺសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ នឹងធ្វើការស្រាវជ្រាវតាមចាប់បន្តទៀត ។
នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយល ចន្ថា