ភ្នំពេញ៖ ក្នុងខណៈ ពិភពលោកកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងកូវិដ~១៩ដែល
ជាសត្រូវរួមរបស់មនុស្សជាតិនៅលើផែនដី មានបណ្តាញផ្សាយព័ត៌មានក្នុងស្រុកនិងក្រៅប្រទេសកម្ពុជា មួយចំនួនដែលស៊ីឈ្នួល បម្រើបរទេសក៏ដូចជាក្រុមដែលអះអាងតាំងខ្លួនថា ជាអ្នកវិភាគឯករាជ្យ បាននាំគ្នានិយាយរិះគន់ វាយប្រហាររដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែនថា បាន យកបញ្ហា កូវិដ~១៩ដើម្បីបំបិទសិទ្ធិសេរីភាព សារព័ត៌មាននៅកម្ពុជា។
ពួកគេបានចាត់ទុក វិធានការប្រឆាំងព័ត៌មានក្លែងក្លាយនិងវិធានការធ្វើចត្តាឡីស័ក ឬក៏ការរឹត បន្តឹងសេរីភាពជួបជុំខ្លះៗ នៅកម្ពុជាថា ជាការធ្វើឲ្យប៉ះពាល់ដល់សេរីភាព សារព័ត៌មាន ឬក៏ ប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិ។
ប៉ុន្តែ ពួកគេភ្លេចគិតថា វិធានការខ្លះៗដែលរដ្ឋាភិបាល កម្ពុជា បានដាក់ចេញកាលពីពេលកន្លងទៅនេះ គឺវាតិចតួចនិងស្រាលណាស់បើប្រៀបធៀបទៅនឹងវិធានការក្នុងបណ្តាប្រទេសផ្សេងនៅអាស៊ីយើង ជាពិសេសនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។
កម្ពុជាមិនបានបិទប្រទេស( Lock Down) ហើយក៏មិនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះដែរ។ ពួកគេ ភ្លេចគិតថា វិធានការដ៏ ទន់ភ្លន់និងបត់បែនចល័តស្របតាមកាលៈទេសៈ ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ពិតជា មានប្រសិទ្ធភាពខ្ពស់ណាស់។
រហូតមលទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវិរុសកូវិដ~១៩ត្រឹមតែ ១២២ នាក់ និងបានជាសះស្បើយរហូតដល់១២០នាក់ ពោលគឺជិតអស់ទៅហើយ។ អ្វីដែលគួរអោយកត់សំគាល់មួយទៀតក្នុងរយៈពេលជាងពីរសប្តាហ៍ ចុងក្រោយនេះ គឺកម្ពុជា មិនបានរកឃើញអ្នកឆ្លងថ្មីណាម្នាក់ឡើយហើយក៏ មិនទាន់អ្នកណាម្នាក់បានស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះដែរ។
ទាំងអស់នេះគឺជាលទ្ធផល ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៏ដូចជាអង្គការសុខភាពពិភពលោកបាននិងកំពុងអបអរសាទរ ហើយវាក៏ បានបង្ហាញអំពីភាពត្រឹមត្រូវនិងប្រសិទ្ធភាពខ្ពស់នៃការងារដឹកនាំចាត់ចែងរបស់រដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែននិងក្រសួងសុខា ភិបាលកម្ពុជាធៀបនឹង បណ្តាប្រទេសជឿនលឿននៅលើលោក។
យើងក៏អាចនិយាយបាន ដែរថា៖ រលកទី១នៃ កូវិដ~១៩ត្រូវបានកម្ពុជាគ្រប់គ្រងបានដោយជោគជ័យ ខណៈពេលដែលប្រទេសជាច្រើនក្នុងតំបន់និងក្នុងពិភពលោកកំពុងបន្តរងការវាយ ប្រហារពេញទំហឹងពី មេរោគដ៏ប្រល័យនេះដែលបានឆ្លងដល់មនុស្សជាង៣លាននាក់ និងបានសម្លាប់មនុស្សជាង ២២ ម៉ឺននាក់ហើយនៅជុំវិញពិភពលោក។
អ្វីដែលគួរឲ្យអស់ សំណើចបំផុតនោះគឺ
ក្រុមមនុអគតិនិងអមិត្តទាំងនោះបានចោទថា កម្ពុជាបានយកបញ្ហា កូវិដ~១៩ដើម្បីបំបិទសិទ្ធិសេរីភាពសារព័ត៌មាន ខណៈពេលដែលខ្លួន ពួកគេកំពុងរស់នៅក្នុងផ្ទះមិនអាចចេញទៅណា បានឡើយរយៈពេលជាច្រើនសប្តាហ៍រឺច្រើនខែមកហើយនេះ។ បើនិយាយតាមបែបផ្សេងវីញ វាមិនខុសអ្វីពីសត្វសារិកាដែលកំពុងជាប់នៅក្នុងទ្រុងហើយ ស្រែកថាព្រួយបារម្ភអំពីសិទ្ធសេរីភាពសត្វចាបដែលកំពុងហោះហើរដោយ សេរីនៅលើដើមឈើ នោះឡើយ។
ពួកគេកំពុងរស់នៅក្នុងមហាប្រទេសមហាប្រជាធិបតេយ្យនិងមហាសិទ្ធិមនុស្ស តែបែរជាត្រូវបានគេបង្ខំឲ្យរស់នៅក្នុងផ្ទះមិនអាចចេញទៅណាបាន។ សិទ្ធិសេរីភាព របស់ខ្លួនឯងដែលបាន បាត់បង់ទាំងស្រុងមិនព្រមចេញមុខតវ៉ា តែបែរជាមក ស្រែកខ្វាយខ្វល់ពី អ្នកសារព័ត៌មាននៅកម្ពុជា ដែលកំពុងដើរយក ព័ត៌មានដោយសេរី ទៅវិញ។ ប្រទេសដែលខ្លួនកំពុងរស់នៅមានមនុស្សឆ្លងកូវិដ~១៩ រាប់លាន រាប់សែននាក់ និងស្លាប់រាប់ពាន់និង រាប់ម៉ឺន នាក់ហើយមិនគិតខ្វាយខ្វល់ តែបែរជាមកខ្វាយខ្វល់ចំពោះកម្ពុជា ដែលមានមនុស្សនៅ សល់តែ២នាក់ចុងក្រោយប៉ុណ្ណោះកំពុងបន្តព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ហើយមិនទាន់មានអ្នកណាម្នាក់ស្លាប់សោះដោយសារមេរោគ នេះ។
ពិតជាគួរឲ្យអនិច្ចាសត្វសារិកាជាប់ទ្រុងទាំងនោះជាពន់ពេកណាស់។ ប្រហែលជាម្ចាស់វាឲ្យស៊ីចំណីដែលមានជាតិគីមី ច្រើនពេកហើយបានជា វង្វេងលែងដឹងខុសត្រូវបែបនេះ?
ម្យ៉ាងទៀត នៅពេលដែលអង្គការបរទេស មួយនោះបានបញ្ចុះ ចំណាត់ថ្នាក់សេរីភាព សារព័ត៌មានកម្ពុជាមួយលេខតាមការស្រមើ ស្រមៃរបស់ខ្លួនដោយគ្មានបានសិក្សាពីកម្ពុជា ទាល់តែសោះនោះ ក្រុមត្រូវថ្នាំសណ្តំបែរជានាំគ្នាលើកមកនិយាយបន្តុះបង្អាប់កម្ពុជា ដោយមិនខ្ចីយកភ្នែកមើលប្រទេស មហាប្រជាធិបតេយ្យដែលពួកគេកំពុងរស់នៅថា មានស្ថានភាពបែបណា? អ្នកកាសែតត្រូវបានដាក់ឲ្យនៅតែក្នុងផ្ទះ, អ្នកកាសែតរងការប្រមាថ មាក់ងាយពីមេដឹកនាំ ឬអ្នកកាសែតត្រូវបានគេ បណ្តេញចេញពីទីតាំងសន្និសីទកាសែត… ហេតុអ្វីពួកគេមិននាំគ្នា និយាយ? តើនេះមិនមែនមកពីត្រូវថ្នាំសណ្តំ្ត មនោគមន៍វិជ្ជាបរទេស រហូតធ្វើឲ្យប្តូរធាតុជា មនុស្សទេឬ?
សរុបមកវិញ កម្ពុជាកំពុងបានសុខហើយ, កម្ពុជាគ្រប់គ្រងកូវិដ~១៩បានល្អហើយ, កម្ពុជាគ្មានអ្នក ស្លាប់ដោយសារមេរោគ នេះទេ ហើយប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកសារព័ត៌មានទាំងឡាយដែរក៏កំពុងមានសេរីភាពពេញលេញដោយមិនបានជាប់ទ្រុងដូចសារិកាឡើយ។
កម្ពុជាមិនបានទទួលរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដូចបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកឡើយ។ សេដ្ឋកិច្ចសង្គមកម្ពុជាស្ថិតក្នុងស្ថានភាព ស្ទើរតែប្រក្រតីដោយមានការប៉ះពាល់តិចតួច ប៉ុណ្ណោះ។ កម្ពុជាក៏មិនបាន ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដូចដែល បណ្តាញផ្សាយព័ត៌មានភូតកុហកមួយចំនួនលើកឡើងដើម្បីមួលបង្កាច់និងបំភិតបំភ័យនោះដែរ។
ដូច្នេះ សូមក្រុមសារិការជាប់ទ្រុងទាំងឡាយគួរគិតគូររកច្រកចេញពីទ្រុងល្អជាងមកឈឺឆ្អាលពីអ្នក ដែលនៅក្រៅទ្រុង។ ក្រុមសារិកាជាប់ទ្រុងទាំងឡាយគួររកតែវិធីការ
ពារជីវិតខ្លួនឯងឲ្យបានល្អកុំឲ្យឆ្លងកូវិដ~១៩ទៅ ប្រសើរជាងមកឈឺឆ្អាល់ពីគេដែលកំពុងរស់នៅ ដោយសុខសាន។ ក្រុមសារិកាជាប់ទ្រុងទាំងឡាយក៍គួរគិតគូរពីភាពខ្ទេចខ្ទាំសេដ្ឋកិច្ចក្នុងប្រទេសដែលខ្លួនកំពុងរស់នៅប្រសើរជាងមកស្រែកខ្វល់ខ្វាយពី កម្ពុជាដែលដំណើរការ សេដ្ឋកិច្ចសង្គមកំពុងវិលទៅរកភាពប្រក្រតីវិញជាបណ្តើរៗទៅហើយនោះ។ ក្រុមសារិកាជាប់ទ្រុងគួរគិតគូរពីអ្នកអត់ការងារធ្វើរាប់សិបលាននាក់ក្នុងប្រទេសដែលខ្លួនកំពុងរស់នៅ ហើយប្រហែលជាជិតដល់វេនខ្លួនហើយក៏ មិនដឹងប្រសើរជាងមក ស្រែកព្រួយបារម្ភពី ការងារនៅកម្ពុជាដែលរងផលប៉ះពាល់តិចតួចបំផុត។
ទឹកចូលដល់ច្រមុះហើយ មិនគិត បែរជាមកគិតពីអ្នក ដែលកំពុងនៅលើដីគោក ទៅវិញ។ ពិតជាគួរឲ្យអនិច្ចាសត្វសារិកាជាប់ទ្រុងទាំងនោះមែន៕
ដោយ : អ្នកនយោបាយតុកាហ្វេ